វិស័យកាត់ដេរ ​សំណង់ ​និងទេសចរណ៍​ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុ​ជា​បន្តឈរ​យ៉ាង​រឹងមាំ ​

(ភ្នំពេញ)៖ នៅឆមាសទី១នេះ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកបានបន្តថមថយល្បឿនបន្តិច ដោយ​សារការថយចុះនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជានៅតែបន្តភាពរឹងមាំ។ ភាព​រឹង​មាំ​នេះ​ ដោយ​សារ​មាន​ការគាំទ្រពីកំណើននៃវិស័យកាត់ដេរ សំណង់ ទេសចរណ៍ គួបផ្សំនឹងការ​កើន​ល្បឿនបន្តិចនៃវិស័យកសិកម្ម។ នេះបើតាមធនាគារជាតិនៃកម្ពុជា។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៥​ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុក ដោយសារមានការជំរុញមួយផ្នែកធំពីការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការបន្តលូតលាស់នៃវិស័យ​សំណង់ អចលនទ្រព្យ និងទេសចរណ៍។

យ៉ាងណាមិញ ភាពមិនប្រាកដនៃការអនុគ្រោះទំនិញចូលទីផ្សារអឺរ៉ុប EBA ទំនងជាអាចនឹងបន្ថយល្បឿន​នៃសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ ខណៈវិស័យសំណង់ និងអចលនទ្រព្យកាន់តែងាយធ្លាក់ក្នុងវដ្តនៃស្ថានភាព ឆាប់ប៉ោង ហើយក៏ឆាប់ផ្ទុះបែកទៅវិញផងនោះ៕

អត្ថបទដែលជាប់ទាក់ទង