តុលាការសម្រេចឃុំខ្លួននគរបាល ៣នាក់ ខណៈបក្ខពួក២នាក់កំពុងរត់គេច ពាក់ព័ន្ធរឿងរត់ការដោះលែងជនជាតិចិន១៨នាក់ជាក្រុមចាប់ជំរិត Online នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ទីបំផុតទៅ តុលាការក្រុងភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួន នគរបាល ៣នាក់ដែលជាប់ពាក់ព័ន្ធ សំណុំរឿងពុករលួយក្នុងអំពើរត់ការឲ្យមានការដោះលែងក្រុុមចាប់ជំរិតជាជនជាតិចិន ១៨នាក់ នៅក្នុងខេត្តកំពង់ស្ពឺហើយនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្រុមជនត្រូវចោទទាំង ៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ខណៈបក្ខពួកចំនួន ២នាក់ទៀត កំពុងរត់គេចខ្លួន។

អ្នកនាំពាក្យស្ថាប័នអយ្យការអមតុលាការក្រុងភ្នំពេញ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានបញ្ជាក់ថា បន្ទាប់ពីបើកការស៊ើបសួរ ចប់សព្វគ្រប់ លោក សាយ ណូរ៉ា ជាតំណាងអយ្យការកាន់សំណុំរឿង បានចោទប្រកាន់លើ ឈ្មោះ ថា ស្រីលក្ខណ៍ ភេទស្រី (គេចខ្លួន) ពីបទ ផ្តើមគំនិតក្នុងអំពើរសូកប៉ាន់ តាមបញ្ញត្តិច្បាប់មាត្រា២៨ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឈ្មោះ ជិន វេងលាង ភេទប្រុស (គេចខ្លួន), ឈ្មោះ សឿ សុថា ភេទប្រុស, ឈ្មោះ រត្ន័ ពិន្ទ ភេទប្រុស, ឈ្មោះ វណ្ណ សុភាព ពីបទ សមគំនិតក្នុងអំពើរចាប់ឃុំឃាំង តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៣ មាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ ច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយ។

សូមជម្រាបជូនថា ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានចាប់បញ្ជូនមន្ដ្រីនគរបាល ៣នាក់មានម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយមក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ មន្ត្រីនគរបាល ៣នាក់ខាងលើ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។

គួររម្លឹកថា កាលពីព្រឹកថ្ងៃ​ទី១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​កន្លងទៅ កម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ខៃ​ សម្ជស្ស​ ព្រះរាជ​អាជ្ញា​រង​នៃអយ្យការ​អម​សាលាដំបូ​ង​ខេត្ត​កំពង់ស្ពឺ បានឃាត់ខ្លួន ជនជាតិចិនចំនួន ១៨នាក់ (ចិនតៃវ៉ាន់ ១២នាក់) នៅទី​តាំ​ងឃ្លាំងមួយកន្លែង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់លោកមេធាវី ហេ ជីវអេង នៅក្នុង​ដីចំការស្វាយ ស្ថិតនៅ​ក្នុង​ភូមិ​ចា​ ឃុំស្វាយចចឹប​ ស្រុក​បរសេដ្ឋ​ ខេ​ត្ត​កំពង់​ស្ពឺ​ ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាម Online។

ទីតាំងដែលជនជាតិចិនយកធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសចាប់ជំរិតនោះ ត្រូវម្ចាស់ឈ្មោះ ហេ​ ជីវ​ អេង​ មុខរបរជាមេធាវី បានជួលទៅឲ្យឈ្មោះ​ រ័ត្ន​ ពិន្ទ​ ដែលជាតំណាងឈរឈ្មោះអោយបុគ្គលម្នាក់​ទៀ​តមិនស្គាល់ឈ្មោះ ក្នុងតម្លៃ​ ២២០០០ដុល្លារ​ក្នុងមួយខែ។

ក្រោយពីឃាត់ខ្លួនយកទៅសាកសួរ នគរបាលជំនាញខេត្តកំពង់ស្ពឺ បានសម្រេចបញ្ជូនខ្លួនក្រុមជនសង្ស័យ ទាំង ១៨នាក់ និងវត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារ​ប្រាក់​តាមប្រព័ន្ធ​បច្ចេកវិទ្យា​VOIP​ ទៅអគ្គស្នងការដ្ឋាននគរ​បា​ល​ជាតិ​ ដើម្បីការចាត់ការតាមនីតិវិធី​បន្ដជាមួ​យភាគីនគរបាលនៃសាធារណរដ្ឋប្រជា​មានិ​តចិន​។ ប៉ុន្តែក្រុមជនជាតិចិនទាំង ១៨នាក់ ត្រូវបានក្រុមជនត្រូវចោទខាងលើព្យាយាមរត់ការឲ្យមានការដោះលែងវិញ៕​ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង