ធនាគារ ANZ Royal ជូនដំណឹង​ដល់​អតិថិជន ពី​ការប្តូរឈ្មោះ ទៅជា​ធនាគារ J Trust Royal​ ចាប់ពីថ្ងៃទី១៩សីហាតទៅ

(​ភ្នំពេញ​)៖ ចាប់ពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ តទៅ ធនាគារ ANZ Royal របស់លោក​ឧកញ៉ា គិត ម៉េង នឹងត្រូវ​ប្តូរ​ឈ្មោះ​ជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយ​នឹង​ចាប់ផ្តើម​បម្រើសេវា​កម្ម ជូន​ទាំង​អតិថិជន​សាជីវកម្ម និង​អតិថិជន​បុគ្គល​នៅ​ទូទាំងប្រទេស​កម្ពុជា​។ សេចក្តីជូនដំណឹង​ពី​ការប្តូរឈ្មោះ ផលិតផល និង​សេវាកម្ម​ធនាគារ ANZ Royal ទៅជា​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ក្រុមហ៊ុន​ជប៉ុន ជេ ត្រាស់ បាន​ទិញ​ចំណែក​ភាគហ៊ុន​របស់​ធនាគារ ANZ Royal​។​

​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ របស់​ធនាគារ ANZ Royal បង្ហាញថា កាលពី​ខែឧសភា ឆ្នាំ​២០១៨ ធនាគារ អេ អ៊ិន ហ្សេ​ត គ្រុប បានប្រកាស​អំពី​ការលក់​ចំណែក​ភាគហ៊ុន ដែល​ខ្លួន​បាន​កាន់កាប់​នៅក្នុង​ធនាគារ អេ អ៊ិន ហ្សេ​ត រ៉ូយ៉ាល់ ( កម្ពុជា ) ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ ឈ្មោះ​ក្រុមហ៊ុន ជេ ត្រាស់​។ ដំណើរការ​នៃ​ការផ្លាស់ប្តូរ​កម្មសិទ្ធិ​នេះ បាន និង​កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ក្រុមហ៊ុន ជេ ត្រាស់ បាន​បញ្ជាក់ថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹង​ចាប់ផ្តើម​បម្រើ​សេវាកម្ម ជូន​ទាំង​អតិ​ថ​ជន​សាជីវកម្ម និង​អតិថិជន​បុគ្គល នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ចន្ទ ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ តទៅ លើកលែង​តែមាន​ការជូន​ដំណឹង​ផ្សេង​ពីនេះ​។​

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា គណនី នៅ​ធនាគារ អេ អ៊ិន ហ្សេ​ត រ៉ូយ៉ាល់ ពុំមាន​ការផ្លាស់ប្តូរ​ទៅលើ​លេខ​គណនី ដែល​លោក​អ្នកមាន​ជាមួយ​ធនាគារ អេ អ៊ិន ហ្សេ​ត រ៉ូយ៉ាល់ (​កម្ពុជា​) ឡើយ ដោយ​លេខ​គណនី​របស់​លោកអ្នក នឹង​នៅតែ​រក្សាទុក​ដដែល បន្ទាប់ពី​ការផ្លាស់ប្តូរ ទៅជា​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​។ រីឯ​សៀវភៅ​មូលប្បទានប័ត្រ ដែល​ចេញ​ដោយ​ធនាគារ អេ អ៊ិន ហ្សេ​ត រ៉ូយ៉ាល់ ( កម្ពុជា ) នឹង​ត្រូវបាន​ផ្លាស់ប្តូរ តាម​លំដាប់​ពេលវេលា ដែល​សមស្រប ប៉ុន្តែ​ទោះជា​យ៉ាងណា សៀវភៅ​មូល​ប្ប​ទា​នប​ត្រ​ទាំងនោះ នឹង​នៅតែ​អាច​បន្ត​ប្រើប្រាស់​បាន រហូតដល់​រយៈពេល ១២​ខែ បន្ទាប់ពី​ការផ្លាស់ប្តូរ​។ ដោយឡែក លោកអ្នក នៅតែ​អាច​បន្ត​ប្រើប្រាស់​សៀវភៅ​គណនី ដែល​ចេញ​ដោយ​ធនាគារ អេ អ៊ិន ហ្សេ​ត រ៉ូយ៉ាល់ ( កម្ពុជា ) បានជា​ធម្មតា​។​

សូម​អាន​សេចក្តីជូនដំណឹង ដូចខាងក្រោម​៖


អត្ថបទដែលជាប់ទាក់ទង