ក្រសួងការពារជាតិ​ចិន អះអាងថា «​គ្មាន​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ណាមួយ ជាមួយ​កម្ពុជា​ឡើយ

(​ប៉េកាំង​)៖ ក្រសួងការពារជាតិ​ចិន តាមរយៈ​អ្នកនាំពាក្យ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នេះ បាន​អះអាងថា ចិន​មិនបាន​ចុះ​កិច្ចព្រមព្រៀង​យោធា​ណាមួយ ជាមួយ​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​យោធា​ចិន ឈរជើង​នៅ​មូលដ្ឋាន​សមុទ្រ​កម្ពុជា​នោះឡើយ​។ ការចុះផ្សាយ​របស់​កាសែត​អាមេរិក គឺជា​ព័ត៌មាន​មិន​ពិត​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian បាន​អះអាង​ដូច្នេះ នៅក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន និង​ពិធី​ប្រកាស​សៀវភៅ​ស របស់​ក្រសួងការពារជាតិ​ចិន កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​។​

​លោក Wu Qian បាន​លើកឡើងថា «​សម្រាប់​សំនួ​រថា តើ​ចិន​កំពុង​កសាង​មូលដ្ឋាន​យោធា​ចិន នៅក្នុង​ប្រទេស​កម្ពុជា ឬ​យ៉ាងណា​នោះ​? វា​គឺជា​ពាក្យ ចចាមអារ៉ាម និង​ជា​របាយការណ៍ មិន​ពិត​ប៉ុណ្ណោះ​។ ប្រទេស​ចិន និង​កម្ពុជា មាន​ត្រឹម​កិច្ចសហប្រតិបត្តិការ​លើ​ការហ្វឹកហ្វឺន​ជំនាញ​ជាមួយគ្នា ព្រមទាំង​ការ​ផ្តល់ជំនួយ ដល់​គ្នា​ទៅវិញទៅមក ហើយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ គឺ​គ្មាន​ការកំណត់​គោលដៅ​ទៅលើ​ប្រទេស​ទី​បី​ណាមួយ​ឡើយ​… សូម​អរគុណ​»​។​

​ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣​កក្កដា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក កាង សួង ក៏បាន​ប្រកាស​បដិសេធ​ន៍ ខណៈដែល​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ការផ្សព្វផ្សាយ​ព័ត៌មាន ស្តីអំពី កម្ពុជា​ចុះហត្ថលេខា​ជាសម្ងាត់ ជាមួយ​ចិន ដើម្បី​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​ជើង​ទឹក​កម្ពុជា  គឺជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត ប្រឆាំង​ជាមួយ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ គ្មាន​រឿង​បែបនេះ កើតឡើង​នោះទេ ព្រោះ​មូលដ្ឋាន​យោធា បរទេស​វា​បាន​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​»​។​

​សារព័ត៌មាន​អាមេរិក The Wall Street Journal បាន​ផ្សព្វផ្សាយ​ថា «​ប្រទេស​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​របស់ខ្លួន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា​។ កិច្ចព្រមព្រៀង​នោះ គឺ​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​ចិន ជា​ផ្នែក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​ព្រលានយន្តហោះ​ធំ​មួយ ដែល​កសាង​ដោយ​ចិន​នឹង​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយៈពេល​៣០​ឆ្នាំ ដាក់​ទ័ព ដាក់​គ្រឿង​សព្វាវុធ កន្លែង​ចត​ជាដើម​»​។​

​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់ខ្លួន​ដើម្បី​អ្វី​? យើង​មិនដែល​បាន​ពិភាក្សា​ណាមួយ ជាមួយ​មេដឹកនាំ​ចិន​នោះឡើយ​កុំថាឡើយ​ដល់​មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។ ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែងបន្លំ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំងនឹង​យើង​ហើយ​»៕​

អត្ថបទដែលជាប់ទាក់ទង