ក្រសួងការបរទេស ដាក់​សមាជិកសភា​អឺរ៉ុប ៦​នាក់ ក្នុង​បញ្ជី​រឹតបន្តឹង ចូល​កម្ពុជា​

(​ភ្នំពេញ​)៖ សមាជិកសភា​អឺរ៉ុប ៦​នាក់ មាន​ជនជាតិ​អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ ប៊ុលហ្គារី ហូ​ឡង់ ស៊ុយ​អ៊ែត និង​អេ​ស្ប៉ា​ញ ត្រូវបាន​ក្រសួងការបរទេស ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ក្នុង​បញ្ជី​រឹតបន្តឹង ចូល​កម្ពុជា​។ ឈ្មោះ និង​រូបថត​របស់​សមាជិក​សភា​អឺរ៉ុប ទាំង ៦​នាក់​នោះ ត្រូវបាន​ក្រសួងការបរទេស បញ្ជូន​ភ្ជាប់​នឹង​លិខិត ជម្រាប​ទៅកាន់​ឯកអគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស​កម្ពុជា ប្រចាំ​នៅ​បរទេស​។​

​ជនបរទេស ៦​នាក់ ជា​សមាជិកសភា​អឺរ៉ុប ដែល​ក្រសួងការបរទេស បានដាក់​ចូលក្នុង​បញ្ជី​រឹតបន្តឹង ហាម​ចូល​កម្ពុជា រួមមាន​៖
១-​លោក Phill Bennion ជនជាតិ អង់គ្លេស​
២-​លោកស្រី Ana Gomes ជនជាតិ ព័រ​ទុយ​ហ្គា​ល់​
៣-​លោក Ithan Kyuchyuk ជនជាតិ ប៊ុលហ្គារី​
៤-​លោក Johannes Cornelis van Baalen ជនជាតិ ហូ​ឡង់​
៥-​លោកស្រី Abir Al Sahlani ជនជាតិ ស៊ុយអែត​
៦-​លោក Javier Nart ជនជាតិ អេ​ស្ប៉ា​ញ​

​ក្នុង​លិខិត ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ជម្រាប​ទៅ​ឯកអគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស​កម្ពុជា ប្រចាំ​នៅ​បរទេស ក្នុង​កម្មវត្ថុ ស្តីពី ការ​រឹតបន្តឹង​សន្តិសុខ និង​សុវត្ថិភាព​ពេល​ផ្តល់​ទិដ្ឋាការ​ចូល​កម្ពុជា​។ នោះ​គឺ​ក្រសួងការបរទេស ស្នើ​ស្ថាន​តំណាង​កម្ពុជា ប្រចាំ​បរទេស​ទាំងអស់​៖ ពិនិត្យមើល​ឲ្យ​បាន​ហ្មត់ចត់ និង​ច្បាស់លាស់​ពី​គោលបំណង​របស់​ជនបរទេស ដែល​ស្នើសុំ​ទិដ្ឋាការ​ចូល​កម្ពុជា ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព ក៏ដូចជា ការពារ​អធិបតេយ្យភាព​ជាតិ​។ បដិសេធ​ការផ្តល់​ទិដ្ឋាការ​ដល់​ជនបរទេស​ណា ដែលមាន​បំណង​គាំទ្រ ឬ​ការពារ​ជន​ទាំងឡាយណា ដែល​ត្រូវបាន​ផ្តន្ទាទោស ឬ​កំពុង​ជាប់ទោស​ដោយ​សាលដីកា​តុលាការ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង