ពិធីបុណ្យ​សមុទ្រ លើក​ទី​៨ ឆ្នាំនេះ នៅ​ខេត្តកំពត នឹង​ប្រារព្ធ​ឡើង នា​ថ្ងៃទី​២០-២២ ខែធ្នូ

(​កំពត​)៖ នា​ថ្ងៃទី​២០-២១-២២ ខែធ្នូ ឆ្នាំ​២០១៩ រយៈពេល ៣​ថ្ងៃ​ខាងមុខនេះ ខេត្តកំពត នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៨ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ខេត្តកំពត ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​ឆ្នាំនេះ​។​

​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តកំពត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត បាន​ប្រជុំ ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ ប្រចាំឆ្នាំ នៅ​ខែធ្នូ​ខាងមុខ​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ជាវ តា​យ អភិបាល​ខេត្តកំពត ដើម្បី​ត្រួតពិនិត្យ និង​កំណត់​ការងារ សម្រាប់​អនុវត្ត​បន្តទៀត​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​ផែនការ​ការងារ​មួយចំនួន ដែល​ត្រូវ​រួមគ្នា អនុវត្ត​បន្ត ក្នុងនោះ រួមមាន​៖
-​កំណត់​យក​ខេត្តកំពត ជា​ខេត្ត​គំរូ ក្នុងការ​រៀបចំ​ឱ្យមាន «​វិថី​ម្ហូបអាហារ ឬ​ហៅថា Street Food» ឱ្យបាន​លេចធ្លោរ​ឡើង​។​

-​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា នៅ​ខេត្តកំពត ឱ្យបាន​ទូលំទូលាយ ពិសេស​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ តំបន់​ក​សិ​ទេសចរណ៍​កូន​សត្វ ចម្ការ​ម្រេច និង​ផ​លិ​ផល​ម្រេច​កំពត ភ្នំ​កំពង់ត្រាច រមណីយដ្ឋាន​ទឹកឈូ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​។​

-​ត្រូវ​ត្រៀម​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ដែលជា​ផលិតផល​កសិកម្ម នាំចេញ​នៅនឹងកន្លែង ដូចជា ធូ​រេ​ន ចេក សាវម៉ាវ ដូង ស្រកានាគ ជាដើម​។​

-​ត្រូវ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និង​ត្រូវ​អញ្ជើញ​ក្រុម​សិល្បៈ​របស់​ប្រទេសជិតខាង និង​ខេត្ត ដែលជា​សម្ព័ន្ធមេត្រី​រប​ស់​ខេត្តកំពត ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាងមុខ​នោះ​។​

-​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កំពត គប្បី​រៀបចំ​ឆ្នេរ​ខ្សាច់​ថ្មី​ទៀត ដើម្បី​បង្កើតជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​បន្ថែម​

-​ស្នើឱ្យ​ក្រុមហ៊ុន​សុខា​បូកគោ គប្បី​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ផ្សេងៗ តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រួមចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម ក្នុង​ព្រឹត្តិការណ៍​ធំ​នេះ ដូចជា ព្រឹត្តិការណ៍​ដើរ​កម្សាន្ត​ក្នុងព្រៃ រត់​ម៉ារ៉ាតុន ប្រណាំង​កង់ ប្រណាំងទូក និង​ទស្សនា​កម្សាន្ត​នៅតាម​តំបន់​ទាក់ទាញ​មួយចំនួនទៀត នៅលើ​ភ្នំ​បូកគោ​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​គាំទ្រ​ឱ្យមាន​ព្រឹត្តិការណ៍​កីឡា​ឱ្យបាន​ច្រើន ពិសេស​ប្រភេទ​កីឡា ដែល​នឹង​ត្រូវដាក់​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ឱ្យបាន​ច្រើន​តាម ដែល​អាចធ្វើ​ទៅបាន ដូចជា ជិះ​កង់ រត់ប្រណាំង កីឡា​លើទឹក លើ​ឆ្នេរ និង​លើគោក​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​សេវាកម្ម អនាម័យ​ចំណីអាហារ ត្រូវបាន​បដិសណ្ឋារកិច្ច​ល្អ ត្រូវមាន​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវមាន​ការលើកទឹកចិត្ត​ចំពោះ​មូលដ្ឋាន​អាជីវក​ម្មណា ដែល​អនុវត្តបាន​ត្រឹមត្រូវ តាម​នីតិវិធី​នៃ​ការត្រួតពិនិត្យ វាយតម្លៃ​របស់​ក្រសួងទេសចរណ៍​។​

​ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​សហគមន៍​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា នៅ​ខេត្តកំពត កែប និង​ខេត្ត​ព្រះសីហនុ ក៏ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោង ខុន ណែនាំ​ថា ត្រូវ​យកចិត្តទុកដាក់​លើ​ការពង្រឹង​គុណភាព​សេវាកម្ម អនាម័យ​ចំណីអាហារ សុវត្ថិភាព​ភ្ញៀវទេសចរ ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ឆាប់រហ័ស អំពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មកកាន់​ខេត្តកំពត និង​តំបន់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល តាមរយៈ​កម្មវិធី​នៅលើ​ទូរស័ព្ទ​វៃឆ្លាត (Mobile App)​។​

​ក្នុងនោះ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​រៀបចំ​ការតុបតែង​លម្អ​ឱ្យមាន​សោភ័ណ​ភាពល្អ ពិសេស​គឺ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ ធ្វើឱ្យ​យ៉ាងណា​ឱ្យ​ទូទាំង​ខេត្ត និង​ក្រុង​កំពត មាន​ភាព​ស្អាត និង​ត្រូវមាន​បង្គន់​អនាម័យ​ឱ្យបាន​គ្រប់គ្រាន់ ត្រូវ​ធ្វើឱ្យមាន​ការប្រែប្រួល​គួរ​ជាទី​មោទនៈ​។ រីឯ​បង្គន់​អនាម័យ និង​បន្ទប់ទឹក នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយ​ប្រេង​ឥន្ទ​នៈ ទីសាធារណៈ​ទៀតសោត ក៏​ត្រូវតែ​ស្អាត​ជានិច្ច​៕​

អត្ថបទដែលជាប់ទាក់ទង