Top News: សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការផ្សាយរបស់សារព័ត៌មានអាមេរិកថា កម្ពុជាចុះហត្ថលេខាសម្ងាត់ឲ្យចិនប្រើប្រាស់មូលដ្ឋានយោធា នៅក្នុងខេត្តកោះកុង គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយរបស់សារព័ត៌មានអាមេរិក ដែលចោទប្រកាន់ថា កម្ពុជាបានចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានយោធា នៅក្នុងខេត្តកោះកុង។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលដងស្រង់បន្តពីសារព័ត៌មាន Wall Street Journal គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

នៅក្នុងបទសម្ភាសន៍នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។

ប្រសាសន៍ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានអាមេរិកទាំងនេះ បានចោទកម្ពុជាថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»។

សូមជំរាបថាកន្លងមកសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីយោធាកំពូលៗរបស់កម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាស​បដិសេធ​ជា​សាធារណៈច្រើនដងរួចហើយ អំពីបញ្ហានេះនិងអះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ៕

អត្ថបទដែលជាប់ទាក់ទង