សិង្ហបុរីមានបំណងនាំយកផលិតផលស្វាយ​ ម្រេចកំពត​ និងអង្ករកម្ពុជា​ ទៅកាន់​ទីផ្សារ​របស់​ខ្លួន​

(ភ្នំពេញ)​៖ ប្រតិបត្តិករផ្សារទំនើប (Supermarket) ជាច្រើននៅក្នុងប្រទេសសិង្ហបុរី បានបង្ហាញពីចំណា​ប់​អារម្មណ៍ខ្ពស់លើផលិតផលស្វាយ ម្រេចកំពត និងអង្ករ របស់កម្ពុជា ដែលប្រតិករទាំងនេះ នឹងមកកម្ពុជា​ក្នុងពេលឆាប់ៗនេះ ដើម្បីសិក្សាលម្អិតក្នុងការនាំផលិតផលទាំងនោះទៅកាន់ប្រទេសរបស់ខ្លួន។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជកម្មកម្ពុជា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ឯកឧត្តម ឆាន ឈុនស៊ីង បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី ប៉ុន្តែការនាំចេញដោយកម្ពុជាមកសិង្ហបុរីក្នុងពេលបច្ចុប្បន្ននៅមានចំនួនតិចតួចនៅឡើយ។

ទោះជាយ៉ាងនោះក្ដី ឯកឧត្តមនៅតែមានសង្ឃឹមខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដោយទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហ​បុរីមានតម្រូវការខ្ពស់។ ក្រៅពីនេះ កម្ពុជាក៏មានសក្ដានុពលខ្ពស់ក្នុងការនាំចូលមកសិង្ហបុរីនូវបរិក្ខារសំណង់ដូចជាស៊ីម៉ង់ត៍ ខ្សាច់ និងទៅអនាគតអាចផ្គត់ផ្គង់ទឹកស្អាត និងថាមពលផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានណែនាំពីផលិតផល ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រុង ដែលសុទ្ធតែជាផលិតផលកំណត់ភូមិសាស្ត្រ ជាពិសេសម្រេចកំពតដែលជាប្រភេទម្រេចល្អលើសគេ និងមានតម្លៃខ្ពស់។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំអំពីផលិតផលស្វាយ និងអង្ករបន្ថែមទៀត ព្រមទាំងអញ្ជើញក្រុមហ៊ុនសិង្ហបុរី ឲ្យមកស្វែងយល់បន្ថែមឲ្យរឹតតែស៊ីជម្រៅពីផលិតផលសក្ដានុពលរបស់កម្ពុជា។

ឆ្លើយតបនឹងការអញ្ជើញនេះ ក្រុមហ៊ុន NTUC Fairprice ដែលជាប្រតិបត្តិករផ្សារទំនើប ​(Supermarket)​ ជាច្រើននៅក្នុងប្រទេសសិង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើផលិតផលស្វាយ ​​ម្រេចកំពត​ និងអង្ករ។ ​លោកតំណាងក្រុមហ៊ុន បានជម្រាបជូនថាលោកនឹងបញ្ជូនសហការីមកកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីសិក្សាលម្អិតក្នុងការនាំផលិតផលទាំងនោះមកសិង្ហបុរី។ ក្នុងនោះដែរ ក្រុមហ៊ុន ​Enterprise Singapore ក៏មានចំណាប់អារម្មណ៍ខ្ពស់ ព្រមទាំងសង្ឃឹមចូលរួមក្នុងការប្រឹក្សាលើ​កា​រ​ងារ​ដូចជានគរូបនីយកម្ម ហេដ្ឋរចនាសម្ព័ន្ធ។ល៕

អត្ថបទដែលជាប់ទាក់ទង