វិភាគៈ អាមេរិកប្រកាសដាក់ទណ្ឌកម្មយោធាមីយ៉ានម៉ា៣នាក់ពីបទសម្អាតជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា

ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីដើមសប្តាហ៍នេះ ក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីយោធាចំនួន៣រូបរបស់សហភាពមីយ៉ានម៉ា ពីបទប្រើអំពើហិង្សាក្នុងគោលដៅបោសសំអាតជនមូស្ល៊ីម រ៉ួហ៊ីងយ៉ានៅលើទឹកដីរបស់ខ្លួន ។

លោក ម៉ាយ បុមប្យូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសថា មន្ត្រីយោធាទាំង៣រូបរបស់សហភាពមីយ៉ានម៉ា បានជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ដោយវាយបង្ក្រាបយ៉ាងចាស់ដៃទៅលើជនមូស៊្លីម រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន ។

លោក ម៉ាយ បុមប្យូ បានបន្ថែមថា ជនជាប់ទណ្ឌកម្មទាំង៣រូប ដែលជាមន្ត្រីយោធារបស់សហភាពមីយ៉ានម៉ា មិនមានសិទ្ធិក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទេ ទោះបីជាមន្ត្រីយោធាមន្ត្រីយោធាទាំង៣រូបនោះ មានកាតព្វកិច្ចចាំបាច់ជាមួយអាមេរិកក៏ដោយ ។

ការដាក់ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិក មានការខកចិត្តខ្លាំងចំពោះអំពើហិង្សាពីសំណាក់កងកម្លាំងយោធាមីយ៉ានម៉ា ទៅលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន កាលពីឆ្នាំ២០១៧កន្លងទៅ ។

ជនជាប់ទណ្ឌកម្ម ដែលជាមន្ត្រីយោធាមីយ៉ានម៉ាទាំង៣រូបនោះ គឺមានអគ្គមេបញ្ជាការយោធា មីន អ៊ុងហ្លាង (Min Aung Hlaing) មេបញ្ជាការរង សូ វីន (Soe Win) និងឧត្តមសេនីយ៍យោធា ថាន់ អ៊ូ (Than Oo) រួមទាំងក្រុមគ្រួសារផងដែរ ។

ទណ្ឌកម្មអាមេរិកសំដៅលើបុគ្កលបែបនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើព័ត៌មានដែលអាចទុកចិត្តបាន ដែលបានបង្ហាញពីការរំលោភបំពានផ្នែកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងប្រតិបត្តិការបង្ក្រាបទៅលើជនស៊ីវិលស្លូតត្រង់ដែលគ្មានអាវុធក្នុងដៃ ។

ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក៏ត្រូវធ្វើឡើងផងដែរ ក្រោយពីក្រុមអង្កេតការណ៍របស់អង្គការសហប្រជាជាតិ បានចាត់ទុកអំពើហិង្សាពីសំណាក់កងកម្លាំងយោធាមីយ៉ានម៉ាទៅលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ជាអំពើប្រល័យពូជសាសន៍ ដែលមិនអាចអត់អោនអោយបាន ។

ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មនេះ លោក ស មីន ទុន (Zaw Min Tun) អ្នកនាំពាក្យយោធាមីយ៉ានម៉ាបានប្រកាសច្រានចោលទាំងស្រុងនូវសេចក្តីប្រកាសដាក់ទណ្ឌកម្មនេះ ចោទប្រកាន់មេដឹកនាំអាមេរិកពីបទប្រឌិតព័ត៌មានដើម្បីដាក់បន្ទុកលើយោធាមីយ៉ានម៉ា ។

លោក ស មីន ទុន បាននិយាយថា សេចក្តីប្រកាសដាក់ទណ្ឌកម្មលើយោធាមីយ៉ានម៉ា ពីក្រសួងការបរទេសអាមេរិកនេះ ត្រូវបានធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងជាការទម្លាក់កំហុសទាំងស្រុងលើកងកម្លាំងរដ្ឋាភិបាលមីយ៉ានម៉ា ។

ចាប់តាំងពីកងកម្លាំងយោធាមីយ៉ានម៉ា បានបើកប្រតិបត្តិការបង្ក្រាបលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ប្រមុខដឹកនាំរបស់ប្រទេសនេះ មិនដែលអនុញ្ញាតអោយក្រុមសិទ្ធមនុស្ស ឫក្រុមអង្កេតការណ៍ណាមួយចូលទៅកាន់តំបន់រងគ្រោះទេ តើអាមេរិកបានព័ត៌មាននេះមកពីណា ?

មូលហេតុដែលនាំអោយកងកម្លាំងយោធាមីយ៉ានម៉ា បង្ក្រាបទៅលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា នៅរដ្ឋ រ៉ាឃីន គឺដោយសារកងទ័ពមីយ៉ានម៉ា បានចោទប្រកាន់ជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ពីបទបង្កើតចលនាប្រដាប់អាវុធដោយខុសច្បាប់នៅលើទឹកដីមីយ៉ានម៉ា ។

កងទ័ពមីយ៉ានម៉ាបានចោទប្រកាន់ថា ជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា បានបង្កើតចលនាប្រដាប់អាវុធដោយខុសច្បាប់ដែលមានឈ្មោះថា កងទ័ពរំដោះរ៉ូហ៊ីងយ៉ា អារ៉ាកាន់ (Arakan Salvation Army) ក្នុងគោលដៅវាយប្រហារជាមួយកងកម្លាំងរដ្ឋាភិបាល ។

កងទ័ពរំដោះរ៉ូហ៊ីងយ៉ា អារ៉ាកាន់ (Arakan Salvation Army) ក៏មានគោលដៅផងដែរ ក្នុងការវាយប្រហារផ្តាច់ទឹកដីយករដ្ឋ រ៉ាឃីន ទាំងមូល អោយទៅជារដ្ឋ អារ៉ាកាន់ មួយដែលគ្រប់គ្រងដោយជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា នៅពេលខាងមុខ ។

មូលហេតុនេះហើយ បានជាកងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបយ៉ាងចាស់ដៃទៅលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា នៅរដ្ឋ រ៉ាឃីន កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ បណ្តាលអោយជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ប្រមាណជាង៧សែននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ៕លីលី

អត្ថបទដែលជាប់ទាក់ទង