សមត្ថកិច្ច​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

(​ភ្នំពេញ)​៖​ កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ នៅ​កន្លែង​លក់​ស្រា​ក្រឡុក​ ផ្លូវ​បេតុង​ ភូមិ​ដើម​គរ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២​និង​០០​នាទី​។​

​លោក​វរសេនីយ៍ឯក​ សៀម​ សុ​ត្ថា​វុ​ធ​ អធិការ​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ខៃ​ សាក់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ មុខរបរ​នគរបាល​(​ឃាត់ខ្លួន​)​។​ ទី​២-​ឈ្មោះ​ គង់​ បណ្តាល​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្នាក់​ផ្ទះ​ជួល​ ផ្លូវលំ​ ភូមិ​ដើម​គរ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ មុខរបរ​និស្សិត​(​ឃាត់ខ្លួន​)​។​ ទី​៣-​ផេង​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​)​។​ និង​ជនសង្ស័យ​ទី​៤-​ឈ្មោះ​ មក​រា​ ភេទ​ប្រុស​ អាយុ​ប្រហែល​២០​ឆ្នាំ​ ស្នាក់​នៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​ (​គេចខ្លួន​)​។​

​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សេន​ ស្រី​ហ្វា​ស់​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៦E​ ផ្លូវលំ​ ភូមិ​ច្រាំង​ចំរេះ​ សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​លក់​សាច់​គោ​។​

​វត្ថុ​តាង​ដកហូត​៖​ អាវុធ​ខ្លី​ម៉ាក​K54​ លេខ​31045584​ មួយ​ដើម​,​ បង់​ចំនួន​មួយ​ និង​សម្បក​ក​ន្ទុះ​គ្រាប់​ចំនួន​២​។​

​លោក​អធិការ​បន្ត​ថា​ មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​២៣​និង​០០​នាទី​ ក្រុម​ជនសង្ស័យ​ដែល​មាន​គ្នា​៤​នាក់​ បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​ សុខ​មាន​ម្លប់​ស្បូវ​។​ លុះ​រហូត​ដល់​ម៉ោង​ប្រហែល​១​និង​៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឈ្មោះ​ផេង​ បាន​ទៅ​ផ្ទះ​មុន​ដោយ​ជិះ​ម៉ូតូ​ធំ​របស់​គេ​ចេញ​ទៅ​ ហើយ​នៅ​សល់​បក្ខពួក​៣​នាក់​ នៅ​ផឹក​បន្ត​។​ ពេល​ឈ្មោះ​ ផេង​ ចេញ​ទៅ​បាត់​ប្រហែល​៥​នាទី​ បាន​ជិះ​ម៉ូតូ​មក​វិញ​ ហើយ​ហៅ​ឈ្មោះ​ មក​រា​ ទៅ​ផ្ទះ​ជាមួយ​ តែ​ឈ្មោះ​ មក​រា​ មិន​ទាន់​ទៅ​ក៏​ឈ្មោះ​ផេង​ ជិះ​ម៉ូតូ​ចេញ​ទៅ​ម្តងទៀត​។​ ក្រោយមក​ប្រហែល​៥​នាទី​ ឈ្មោះ​ផេង​ ដដែល​ក៏​ក្រ​ឡប់​មក​វិញ​ម្តងទៀត​ ហើយ​ស្រប​ពេល​ដែល​បក្ខពួក​៣​នាក់​ បាន​គិតលុយ​ឈប់​ផឹក​ ពេល​នោះ​ឈ្មោះ​ ផេង​ ប្រាប់​ទៅ​បក្ខពួក​ថា​មាន​គេ​គប់​ខ្លួន​ នៅ​ចំណុច​លក់​ស្រា​ក្រឡុក​ ផ្លូវ​បេតុង​ នៅ​ក្បែរ​ហាង​ សុខ​មាន​ម្លប់​ស្បូវ​នោះ​ដែរ​។​ បន្ទាប់​មក​ឈ្មោះ​ គង់​ បណ្តាល​ និង​ឈ្មោះ​ ខៃ​ សាក់​ គឺ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​មក​មុន​ មក​ដល់​ចំ​
​ណុ​ច​កន្លែង​លក់​ស្រា​ក្រឡុក​ ក៏​ជិះ​ចូល​ទៅ​កន្លែង​លក់​ស្រា​ក្រឡុក​ដែល​ជា​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ផឹកស្រា​ក្រឡុក​គ្នា​ប្រហែល​៤​ ៥​នាក់​ ពេល​នោះ​ក្រុម​ជន​រង​គ្រោះ​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ ទៅ​ដល់​ក៏​នាំ​គ្នា​ហេ​ស្ទុះ​មក​ដោយ​ឃើញ​មានកាំបិត​ កៅអី​ និង​ខ្សែ​ក្រ​វ៉ា​ត់​ នៅ​នឹង​ដៃ​បម្រុង​មក​វាយ​លើ​ជនសង្ស័យ​ទាំង​២​នាក់​ តែ​ដោយសារ​ក្រុម​ជន​រង​គ្រោះ​ឆ្លា​ប់​ស្គាល់​អ្នក​ក​ទាំង​២​ទើប​គេ​មិន​បាន​ប្រើ​ហិង្សា​ តែ​បន្ទាប់​មក​ទៀត​ជនសង្ស័យ​ឈ្មោះ​ផេង​ និង​ឈ្មោះ​ មក​រា​ បាន​ជិះ​មក​ដល់​ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ​បាន​ទៅ​វាយ​ប្រតាយប្រតប់​ជាមួយ​ឈ្មោះ​ផេង​ និង​ឈ្មោះ​ មក​រា​ ហើយ​ឈ្មោះ​ ខៃ​ សាក់​ ក៏​បាន​យក​សោរ​ម៉ូតូ​ពី​ឈ្មោះ​ គង់​ បណ្តាល​ ជិះ​ចេញ​ទៅ​មុន​បាត់​ ពេល​នោះ​ឈ្មោះ​ គង់​ បណ្តាល​ បាន​រត់​ចេញពី​នោះ​សំដៅ​ទៅ​ផ្ទះ​ជួល​របស់​ខ្លួន​ នៅ​សល់​តែ​ឈ្មោះ​ ផេង​ និង​ឈ្មោះ​ មក​រា​ នៅ​ប្រើ​ហិង្សារ​ទៅ​វិញ​ទៅ​មក​ រហូត​ធ្វើ​អោយ​ខាង​ក្រុម​ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ចំណែក​ឈ្មោះ​ ខៃ​ សាក់​ បាន​ទៅ​ដល់​ផ្ទះ​ជួល​ នៅ​ភូមិ​ដើម​គរ​ ពេល​ទៅ​ដល់​គឺ​មាន​អ្នក​ស្គាល់គ្នា​ ទៅ​ប្រាប់​ថា​ ឃាត់​មិន​ស្តាប់​ទេ​រឿង​នោះ​ ឥឡូវ​កំពុង​វាយ​គ្នា​ពេញ​នោះ​ ភ្លាម​នោះ​ឈ្មោះ​ ខៃ​ សាក់​ បាន​យក​កាំភ្លើងខ្លី​ក្នុង​កែបម៉ូតូ​មិត្ត​ភ័ក្ដ្រ​ ដែល​ទុក​នៅផ្ទះ​ជួល​នោះ​ យក​មក​បាញ់​ឡើង​លើ​ មួយ​គ្រាប់​ បន្ទាប់​ក​ជិះ​ម៉ូតូ​របស់​ឈ្មោះ​ គង់​ បណ្តាល​ ទៅ​កន្លែង​កើតហេតុ​ តែ​ពេល​នៅ​ដល់​មិនឃើញ​មាន​អ្វី​គឺ​ស្ងប់ស្ងាត់​ ក៏​បាន​បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់​ទៀត​ រួច​ជិះ​ម៉ូតូ​ទៅ​ស្រុក​នៅ​ឯមុខ​កំពូល​ មួយ​ម៉ោង​ក្រោយ​ទើប​តេ​ទូរស័ព្ទ​មក​ប្រាប់​ឈ្មោះ​ គង់​ បណ្តាល​ថា​ខ្លួន​យក​ម៉ូតូ​ជិះ​មក​ស្រុក​ ហើយ​រហូត​ព្រឹក​ឡើង​ទើប​មក​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង