វិភាគៈ ចិនអាចចូលរួមគម្រោងការពារដោយយោធាក្នុងការបញ្ចៀសសង្គ្រាមអាមេរិក និងអ៊ីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ប្រទេសចិនអាចនឹងសម្រេចចិត្តចូលរួមក្នុងគម្រោងការពារឈូងសមុទ្រដោយយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅពេលខាងមុខ ដើម្បីបញ្ចៀសសង្គ្រាមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ។

គម្រោងការពារឈូងសមុទ្រដោយយោធា Gulf military escort scheme គឺជាគម្រោងនៃការប្រមូលផ្តុំគ្នាខាងកងកម្លាំងយោធា និងនាវាចម្បាំងមកពីជុំវិញពិភពលោក ក្នុងគោលដៅការពារនាវាពាណិជ្ជកម្មមកពីប្រទេសនានា ដែលអាស្រ័យផលតាមឈូមសមុទ្រ ពែក្ស ។

គម្រោងនេះត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ក្រោយពីមានការវាយប្រហារវិច្ឆេទកម្មចំនួនពីរលើក និងបំផ្លិចបំផ្លាញនាវាដឹកប្រេងអស់ចំនួន៦គ្រឿង មាននាវាដឹកប្រេងរបស់ប្រទេសជប៉ុន ន័រវ៉េស និងនាវាដឹកប្រេងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ។

សហរដ្ឋអាមេរិកបានទម្លាក់កំហុសលើអ៊ីរ៉ង់ អោយទទួលសខុសត្រូវលើការវាយប្រហារវិច្ឆេទកម្មទាំងពីរលើកនេះ ប៉ុន្តែអ៊ីរ៉ង់បានប្រកាសច្រានចោលនូវការទម្លាក់កំហុសពីអាមេរិក និងបានបាញ់ទម្លាក់យានដ្រូនយកការណ៍របស់អាមេរិកនៅថ្ងៃបន្ទាប់ ។

ចិនមិនមែនជាប្រទេសពាក់ព័ន្ធក្នុងភាពតានតាមតឹងរវាងអាមេរិក និងអ៊ីរ៉ង់ទេ ប៉ុន្តែចិនជាភាគីសំខាន់ក្នុងទំនាក់ការទូត និងពាណិជ្ជកម្ម ទាំងជាមួយប្រទេសអ៊ីរ៉ង់ និងទាំងជាមួយសហរដ្ឋអាមេរិក ដែលចិនជាប្រទេសសំខាន់សម្រាប់អ៊ីរ៉ង់ និងអាមេរិក ។

គេមើលឃើញថា ប្រសិនបើចិនសម្រេចចិត្តចូលរួមក្នុងគម្រោងការពារឈូងសមុទ្រដោយយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺមានភាគរយខ្ពស់ក្នុងការបញ្ចៀសបាននូវសង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិក ដោយសារចិនដូចជាអាជ្ញាកណ្តាលក្នុងភាពតានតឹងនេះ ។

ចិនអាចទប់ស្កាត់មិនអោយមានការវាយប្រហារវិច្ឆេទកម្មលើនាវាពាណិជ្ជកម្ម រូមទាំងនាវាដឹកប្រេងនៅឈូមសមុទ្រ ដែលជាកត្តាសំខាន់នាំអោយមានភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។

ប្រសិនបើចិនមិនចូលរួមក្នុងគម្រោងការពារឈូងសមុទ្រដោយយោធាជាមួយអាមេរិកទេនោះ អាមេរិកអាចនឹងធ្វើអន្តរាគមន៍យោធាលើប្រទេសអ៊ីរ៉ង់ដោយចៀសមិនរួចទេ ខណៈដែលអ៊ីរ៉ង់នៅតែបន្តផ្គើនអាមេរិកបែបនេះ ។

បច្ចុប្បន្ននេះ អាមេរិកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការវាយប្រហារលើអ៊ីរ៉ង់ ដោយកងកម្លាំងយោធាអាមេរិកនៅរង់ចាំតែបទបញ្ជាពីលោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ ខណៈដែល អ៊ីរ៉ង់ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការវាយបកលើអាមេរិកវិញ ។

ចិនមិនចង់ឃើញសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់នោះទេ ដោយសារតែសង្គ្រាមរវាងប្រទេសទាំងពីរ នឹងមិនបានផ្តល់ផលចំណេញដល់ប្រទេសចិនទេ ប៉ុន្តែចិនក៏មិនបានលូកដៃក្នុងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ផងដែរ ។

អ៊ីរ៉ង់ និងអាមេរិកជាប្រទេសសំខាន់សម្រាប់ចិនដូចគ្នា ដោយចិនបានចាត់ទុកអ៊ីរ៉ង់ជាប្រទេសដៃគូយុទ្ធ ជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់ និងជាប្រទេសគោលដៅសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។

ចំណែកអាមេរិក ក៏ជាប្រទេសសំខាន់ណាស់ដែរសម្រាប់ចិន ដោយអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលចិនអាចនាំចេញផលិតផលគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ជាង៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់ទីផ្សារអាមេរិក ។

សរុបសេចក្តីមក ប្រទេសចិនក៏នឹងទទួលរងផលប៉ះពាល់ផលប្រយោជន៍ដែរ ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ មានសង្គ្រាមជាមួយគ្នានៅពេលខាងមុខ ដែលមូលហេតុនេះហើយ ទើបចិនអាចនឹងចូលរួមក្នុងគម្រោងការពារឈូងសមុទ្រដោយយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសសង្គ្រាមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង