ក្រសួងទេសចរណ៍ ​ប្រាប់ឲ្យភ្ញៀវទេសចរ​ដែលទៅកម្សាន្តតាម​តំបន់ឆ្នេរ​ និងកោះ​ ត្រូវបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ​ខែកក្កដា​ ឆ្នាំ២០១៩​ ខ្យល់មូសុងនិរតីបាននឹងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រគួបផ្សំនឹងវិសម្ពាធដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចដែលនឹងបំប្លែងខ្លួនទៅជាព្យុះ ដែលមានឈ្មោះថា “ដាណាស់”។

បើតាមក្រសួង ស្ថានភាពនេះ ជាហេតុធ្វើឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេស នៅតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបង្កើតបានទៅជារលកធំៗ និងខ្ពស់ៗ ជាពិសេស​នៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើង។

ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ មេត្តា​​ជួយ​ផ្សព្វផ្សាយ​ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលទៅទស្សនាកម្សាន្តតាមតំបន់ឆ្នេរ និងកោះ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ទាំង​ឡាយ​ដែល​អាចកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង