៧​ខែ ក្នុង​ឆ្នាំ​២០១៩ ជប៉ុន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាជាង ៥២​លាន​ដុល្លារ​អាម៉េរិក​

(​ភ្នំពេញ​)៖ ក្នុង​រយៈពេល ០៧ ខែ ក្នុង​ឆ្នាំ​២០១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន ជា​បន្តបន្ទាប់​ចំនួន ០៣ លើក ដែលជា​ជំនួយ​របស់​ជប៉ុន ផ្តល់​ឲ្យ​កម្ពុជា សរុប​ជា​ទឹកប្រាក់​ជាង ៥២​លាន​ដុល្លារ​អាម៉េរិក​។ នេះ​បើតាម​ប្រមុខ​ការទូត​កម្ពុជា​។​

​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស បានប្រកាស​ដូច្នេះ ក្នុង​ពិធី​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន សម្រាប់​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ​។​

​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន ជា​បន្តបន្ទាប់​ចំនួន ០៣ លើក ក្នុង​រយៈពេល ៧​ខែ ក្នុង​ឆ្នាំ​២០១៩ នេះ រួមមាន​៖

​លើក​ទី​១ នៅ​ថ្ងៃទី​២០ កុម្ភៈ ២០១៩ ឯកឧត្តម HORINOUCHI ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចុះហត្ថលេខា នៅ​ក្រសួងការបរទេស លើ​ឯកសារ​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន សរុប​ចំនួន ៤.៩៣៩ លាន​យ៉េន (​ប្រមាណ ៤៣,៣៦ លាន​ដុល្លារ​អាមេរិក​) ដែល​រួមមាន​៖
•​ឥណទាន​សម្បទាន សម្រាប់​អនុវត្ត «​គម្រោង​កែលម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប ជំហាន​ទី​២» និង​
•​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អគ្គិសនី នៅ​កំពង់ផែ ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ​»​។​

​ការចុះហត្ថលេខា លើក​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ឧសភា ២០១៩ នៅ​ទីក្រុង​តូ​ក្យូ ក្រោម​អធិបតីភាព​សម្ត​ច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម ABE Shinzo នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប ៥៣៩ លាន​យ៉េន (​ប្រមាណ ៤,៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​២៖
•​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស និង​
•​គម្រោង​សាងសង់​ឃ្លាំង Container Freight Station នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

​ការចុះហត្ថលេខា នៅ​ថ្ងៃទី​១៧ ខែកក្កដា​នេះ គឺជា​លើក​ទី​៣ ស្ដីពី ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន (​ប្រមាណ ៤,៦ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត «​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​» តាមរយៈ​ការផ្តល់​គ្រឿងចក្រ Stabilizer (​ប្រមាណ ១៥ គ្រឿង​) សម្រាប់​ជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ជប៉ុន គឺជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​បំផុត​មួយ ដែល​បាន​ឆ្លើយតប​ទាន់ពេលវេលា និង​ចំ​គោលដៅ​នៃ​តម្រូវការ​អភិវឌ្ឍន៍​ជា​អាទិភាព​របស់​កម្ពុជា តាំងពីដើម​ទស្សវត្សរ៍ ១៩៩០ មក​។

​លោក​ប្រាក់​សុខុន បញ្ជាក់ថា ហិរញ្ញប្បទាន​ឥត​សំណង ក៏ដូចជា​ឥណទាន​សម្បទាន​របស់​ជប៉ុន ដែល​ត្រូវបាន​ចុះហត្ថលេខា​កន្លងមក និង​នៅថ្ងៃនេះ រួមចំណែក​យ៉ាងសំខាន់​នាំមក​នូវ​ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ហើយនឹង​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្រៅពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ យើង​សង្កេតឃើញ​ដោយ​ពេញចិត្ត​នូវ​កំណើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​។ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បានរួម​ចំណែក​ពង្រឹង​ចំណងមិត្តភាព និង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង