នៅព្រឹកនេះ! មេធាវីរបស់សម្តេច ស ខេង ចូលបំភ្លឺនៅតុលាការ ពាក់ព័ន្ធរឿងប្តឹងទណ្ឌិត សម រង្ស៉ី

(ភ្នំពេញ)៖ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ មេធាវី ៣រូបរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធរឿងប្តឹង ទណ្ឌិត សម រង្ស៊ី ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

សូមជម្រាបជូនថា លោក សេង គឹមឡាក់ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានចេញដីកាចំនួន ៤ ដើម្បីកោះហៅអ្នកពាក់ព័ន្ធក្នុងសំណុំរឿងដែល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្តឹងទណ្ឌិត សម រង្ស៊ី ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឲ្យចូលឆ្លើយបំភ្លឺ។

លោកព្រះរាជអាជ្ញារង សេង គឹមឡាក់ បានកោះហៅមេធាវី ៣រូប របស់សម្តេចក្រឡាហោម ស ខេង ឲ្យចូលឆ្លើយនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងនាមជាតំណាងឲ្យដើមបណ្តឹង។

ជាមួយគ្នានេះ លោកព្រះរាជអាជ្ញារង សេង គឹមឡាក់ ក៏បានចេញដីកាកោះហៅ ទណ្ឌិត សម រង្ស៊ី ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ផងដែរ។

គួររម្លឹកថា ក្រុមមេធាវីរបស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារ។

ដើមចមដែលឈានដល់ ការប្តឹងទណ្ឌិត សម រង្ស៊ី ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ពីព្រោះតែ ទណ្ឌិត សម រង្ស៊ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពី មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។

នៅក្នុងសារដែលទណ្ឌិត សម រង្ស៉ី បង្ហោះលើបណ្តាញសង្គម Facebook មានគោលបំណងមួលបង្កាច់ដោយទុច្ចរិតថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី និងបានបំភ្លៃការពិតថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា មកដល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណៈបក្សង្គ្រោះជាតិ កំពុងរងបណ្តឹងជាច្រើនករណី និងកំពុងមានដីកាតាមចាប់ខ្លួនជាច្រើនបទល្មើសផងដែរ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបារាំង ដែលជាប្រទេសកំណើតរបស់ខ្លួន៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង