ធនាគារជាតិបញ្ចៀស​ពលរដ្ឋពីការប្រើប្រាស់​សេវាកម្ចីមីក្រូហិរញ្ញវត្ថុ​ ដែលមិន​មានអាជ្ញាប័ណ្ណ​ត្រឹមត្រូវ

(ត្បូងឃ្មុំ)៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជៀបបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុដល់មូលដ្ឋាន និងបន្ត​ក្តាប់ឲ្យបាននូវស្ថានភាពជាក់ស្តែងរបស់ប្រជាជនប្រើប្រាស់សេវាកម្មមីក្រូហិរញ្ញវត្ថុ និងធ្វើយ៉ាងណាបញ្ចៀសការប្រើប្រាស់សេវាកម្ចីដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានដឹកនាំក្រុមការងារសហការជាមួយស្រុកមេមត់នៃខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាថ្នាក់​ស្រុកស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”។

សិក្ខាសាលានេះមានការចូលរួមពីលោក ញឹក នៅ អភិបាលរងនៃគណៈអភិបាលស្រុកមេមត់ និងលោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងលោកប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មន្ត្រីធនាគារពាណិជ្ជ មន្ត្រីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មន្ត្រីសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានស្រុកមេមត់និងប្រជាពលរដ្ឋក្នុងស្រុកមេមត់ចំនួនប្រមាណ៦០០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណង ១/- ផ្សព្វផ្សាយពីបទប្បញ្ញតិ្តនិងកិច្ចគាំពារអតិថិ​ជនដែលប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ ២/- ផ្សព្វផ្សាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ៣/- ទទួលធាតុ​ចូលអំពីបញ្ហាមីក្រូហិរញ្ញវត្ថុពីប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីពាក់ព័ន្ធ ៤/- សេវាកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណស្របច្បាប់ និង៥/- ដោះស្រាយសំណូមពរជាក់ស្តែងដែលបានលើកឡើងក្នុងអង្គសិក្ខាសាលា។

លើសពីនេះទៀត អង្គសិក្ខាសាលាបានបង្កើនទំនាក់ទំនងកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនានា ដើម្បីបន្តក្តាប់ឱ្យបាននូវស្ថានភាពជាក់ស្តែងរបស់ប្រជាជនប្រើប្រាស់សេវាកម្មមី​ក្រូហិរញ្ញវត្ថុនិងធ្វើយ៉ាងណាបញ្ចៀសការប្រើប្រាស់សេវាកម្ចីដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង