GMAC សោកស្តាយចំពោះកូដកម្មខុសច្បាប់​ ដែលនាំឲ្យប៉ះពាល់ដល់​បរិយាកាស​វិនិយោគ​​ក្នុង​វិស័យ​រោងចក្រ​

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឱ្យសមាជិកជាង ៦០០រោងចក្រ​​សហគ្រាសបានកត់សម្គាល់ជាមួយនឹងការសោកស្តាយដែលនាពេលថ្មីៗនេះ មានការកើនឡើងនូវកូដកម្មខុសច្បាប់នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។

ក្នុងសេចក្តីថ្លែងការណ៍របស់ GMAC នៅថ្ងៃទី១៦ ខែកក្កដានេះ ចាត់ទុកសកម្មភាពខុសច្បាប់ទាំងនេះ​ដែល​ដឹកនាំ​ដោយ​សហជីព​ទុច្ចរិតបានប៉ះពាល់ជាអវិជ្ជមានទៅលើបរិយាកាសវិនិយោគនៅក្នុងវិស័យនេះ ខណៈដែលយើងកំពុងប្រឈមនឹងការគំរាមកំហែងនៃការដក EBA (Everything But Arms) ដោយសហភាពអឺរ៉ុប។

ជាក់ស្តែង ការធ្វើកូដកម្មដែលបានធ្វើឡើងនៅរោងចក្រ Bowker Garment Factory (Cambodia)Limited ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មិនបានគោរពតាមនីតិវិធីច្បាប់។ ​ភាគី​ទាំង​ពីរបានចរចាគ្នាហើយចំណុចដែលមិនសះជាក៏ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ កម្មករមួយចំនួននៅតែបន្តធ្វើកូដកម្មរំលោភច្បាប់ និងសេចក្ដីបង្គាប់ឱ្យត្រឡប់ចូលការងារវិញរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ថ្កោលទោសរាល់ទង្វើខុសច្បាប់ទាំងឡាយណាដែលពាក់ព័ន្ធនឹងការធ្វើកូដកម្មមិនស្របតាមនីតិវិធីច្បាប់ ដែលអាចនាំឲ្យមានការបាត់បង់ទំនុកចិត្តពីអ្នកបញ្ជាទិញនិងអត្ថប្រយោជន៍ដល់ភាគីទាំងពីរ។

GMAC បានគូសបញ្ជាក់ទៀតថា ការថែរក្សាស្ថិរភាពនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈគឺពិតជាសំខាន់ណាស់។ សមាគម​រោង​ចក្រកាត់ដេរនៅកម្ពុជា (GMAC) សូមស្នើសុំនិងអំពាវនាវទៅដល់សហជីព និងកម្មករទាំងអស់មេត្តាគោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងនីតិវិធីដោះស្រាយវិវាទការងារ៕

អត្ថបទដែលជាប់ទាក់ទង