សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ពិនិត្យសុខភាព និងព្យាបាលជំងឺជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន​ជាង៤០០០នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

(កណ្តាល)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា​ និងអាជ្ញាធរស្រុកកៀនស្វាយ  ខេត្តកណ្តាល បានពិនិត្យសុខភាព និងព្យាបាលជំងឺជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណរោងចក្រយីដា ស្តិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានកម្មករនិយោជិត និងប្រជាពលរដ្ឋចូលរួមពិនិត្យសុខភាព និងព្យាបាលចំនួន​៤២៣៧នាក់។ 

ក្នុងពិធីនេះ ត្រូវបានអញ្ញើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម​ សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន​ ម៉ានី​ សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​, ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក​, ឯកឧត្តម​ នូវ​ ប៉េងច័ន្ទតារា​ អភិបាលរង​ តំណាងឯកឧត្តម ម៉ៅ​ ភិរុណ​ អភិបាលនៃគណអភិបាលខេត្តកណ្តាល,​ លោក​ សោម​ អូន​ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា​, លោក​ អ៊ូ​ ឈាង​ អភិបាលស្រុក​កៀន​ស្វាយ​ និងលោក ម៉ាយឃើល ខើ តំណាងក្រុមហ៊ុនយីដា,​ លោក ជី ស៊ីវុត្ថា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកណ្តាល តំណាងឯកឧត្តម គីម រិទ្ធី អនុប្រធាន ស.ស.យ.ក និងប្រធាន ស.ស.យ.ក ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា បានលើកឡើងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៣២៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ រួមជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.កសាខាខេត្តកណ្តាល បានផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅស្រុកកៀនស្វាយ ដោយមិនគិតថ្លៃ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅ២៣ រាជធានី-ខេត្ត បានចំនួន១០៣លើក។ គោលដៅសំខាន់គឺបង្ខិតសេវាសុខាភិបាល ទៅដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលរបស់រដ្ឋ។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះរួមមាន ជំងឺទូទៅ ជំងឺបេះដូង និងសសៃរឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះបំពង់ក បំពាក់ឧបករណ៍សំឡេងជូនអ្នកជំងឺគ-ថ្លង់ ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ អេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងវាស់សម្ពាធឈាម អប់រំសុខភាពសាធារណៈ សេវាថែរក្សាក្រោយព្យាបាល (After Care Service)។ 

លោក​ សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា មានប្រសាសន៍បញ្ជាក់ថា យោងតាមអនុសារណៈយោគយល់ MoU សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយមិនបង់ប្រាក់ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តក្រុង។  

លោក​ សោម​ អូន​ បានបន្ថែមថា លោកពិតជាមានមោទភាពណាស់ ដែលបានឃើញប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិតយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ  ដែលជាសកម្មភាពមួយនៃកិច្ចការសង្គម  ហើយវាបានគួបផ្សំបន្ថែមមួយផ្នែកទៀត ទៅលើសេវាពេទ្យរបស់រដ្ឋ។

លោក សោម អូន ក៏បានលើកឡើងដែរថា បងប្អូនកម្មករនិយោជិតទាំងអស់បាន និងកំពុងតែទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវផែនការជួបសំណេះសំណាលជាមួយបងបងប្អូនកម្មករ និយោជិត ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងស្ថានភាពលក្ខខណ្ឌការងាររបស់កម្មករនិយោជិត ហើយតាមរយៈជំនួបសំណេះសំណាលនេះសម្តេចតេជោ បានប្រកាសផ្តល់នូវផលប្រយោជន៍ថ្មីៗជាច្រើនទៀតដល់កម្មករ និយោជិត ដែលកំពុងតែបម្រើការងារទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ធ។

ឯកឧត្តម សោម អូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ដើម្បីចូលរួមសកម្មភាពគាំពារសុខមាលភាពរបស់កម្មករនិយោជិតនិងប្រជាពលរដ្ឋ ដែលមានកង្វះខាតថវិកា៕

អត្ថបទដែលជាប់ទាក់ទង