វិភាគៈ រដ្ឋាភិបាល និងអន្តរជាតិបង្ហាញចំនួនមនុស្សស្លាប់ខុសគ្នាក្នុងសង្គ្រាមថ្នាំញៀនហ្វីលីពីន

មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន និងក្រុមភ្នាក់ងារផ្នែកសិទ្ធិមនុស្សអន្តរជាតិ បានបង្ហាញទិន្នន័យខុសគ្នា ពាក់ព័ន្ធនឹងចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងការជួញដូរថ្នាំញៀននៅប្រទេសហ្វីលីពីន ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ ។

ទិន្នន័យខាងរដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា សង្គ្រាមប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់ថ្នាំញៀននៅហ្វីលីពីនក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ បានបណ្តាលអោយមនុស្សប្រមាណជាង៥៣០០នាក់បានបាត់បង់ជីវិត ។

ខាងក្រុមភ្នាក់ងារផ្នែកសិទ្ធិមនុស្សអន្តរជាតិ រួមទាំងអង្គការលើកលែងទោសអន្តរជាតិ Amnesty International ផងដែរ បានបង្ហាញថា ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមថ្នាំញៀននៅហ្វីលីពីន អាចមានចំនួនមិនតិចជាងពីរម៉ឺននាក់ទេ គឺលើសទិន្នន័យរបស់រដ្ឋាភិបាល៤ដង ។

សូមបញ្ជាក់ជូនថា ក្រោយពីបានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦កន្លងទៅ លោក រ៉ូឌ្រីហ្គោ ឌូទ័ររ៉ាតេ (Rodrigo Duterte) បានដាក់ចេញនូវសង្គ្រាមប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់ថ្នាំញៀននៅហ្វីលីពីន ដោយវិធានការក្តៅ ។

ក្រុមភ្នាក់ងារផ្នែកសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការក្តៅពីសំណាក់កងកម្លាំងរដ្ឋាភិបាលហ្វីលីពីន ដោយហៅប្រតិបត្តិការនេះថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់យ៉ាងចំហ ដោយមិនមាននរណាអើពើទាល់តែសោះ ។

ក្រុមសិទ្ធិមនុស្សក៍បានអំពាវនាវអោយអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតឯករាជមួយ លើករណីសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងប្រតិបត្តិការសង្គ្រាមថ្នាំញៀនក្នុងរយៈពេលជាង៣ឆ្នាំនៅហ្វីលីពីន ដើម្បីទប់ស្កាត់អំពើហិង្សា ។

អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអោយដឹងថា ការស៊ើបអង្កេតពីសំណាក់អង្គការសហប្រជាជាតិ អាចនឹងចោទប្រកាន់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅពេលខាងមុខ ។

ជាប្រតិកម្មតបវិញ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានលើកឡើងថា ក្រុមភ្នាក់ងារផ្នែកសិទ្ធិមនុស្សអន្តរជាតិ រួមទាំងអង្គការលើកលែងទោសអន្តរជាតិ Amnesty International មានភាពលំអៀងខ្លាំងណាស់ និងមិនយល់ទាល់តែសោះពីសិទ្ធមនុស្ស ។

លោក Rodrigo Duterte បានបន្តថា កោះមីនដាណាវនៅភាគខាងត្បូងហ្វីលីពីន គឺជាសំបុកថ្នាំញៀនជាច្រើនជំនាន់ហើយ ហើយបើរដ្ឋាភិបាលមិនចាត់វិធានការទេ ថ្នាំញៀននឹងបំផ្លាញពលរដ្ឋហ្វីលីពីន ជាពិសេសយុវជន មិនអោយមានអនាគតល្អទេ ។

លោក Rodrigo Duterte បានលើកជាឧទាហរណ៍ថា មេដឹកនាំដែលក្រុមសិទ្ធិមនុស្សអន្តរជាតិគួរស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺមេដឹកនអាមេរិកឯណោះទេ ដោយមេដឹកនាំអាមេរិក បានបង្កសង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន អ៊ីរ៉ាក់ និងស៊ីរីជាដើម និងបានសម្លាប់មនុស្សរាប់សែននាក់ ដែលក្រុមសិទ្ធិមនុស្សគួរតែមើលឃើញ ។

រហូតមកដល់ឆមាសទី១នៃឆ្នាំ២០១៩នេះ លោក Rodrigo Duterte នៅតែបន្តសង្គ្រាមថ្នាំញៀនដដែល ដោយមិនបានផ្អាក ឫឈប់ប្រតិបត្តិការនេះទេ ទោះបីជាមានការរិះគន់ច្រើនពីសំណាក់ក្រុមសិទ្ធិមនុស្សអន្តរជាតិក៏ដោយ ។

លោក Rodrigo Duterte ធ្លាប់បានលើកឡើងជាញឹកញាប់ថា ថ្នាំញៀនមិនអាចធ្វើអោយហ្វីលីពីនមានអនាគតល្អទេ តែផ្ទុយទៅវិញ ថ្នាំញៀនបង្វក់យុវជនហ្វីលីពីនអោយឈ្លក់វង្វេង និងបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិផងដែរនៅពេលខាងមុខ ។

រហូតមកដល់ពេលនេះ ការចរាចរណ៍ថ្នាំញៀននៅតែបន្តកើតមានដដែល មិនទាន់អស់នៅឡើយទេ ដោយគ្រាន់តែធូរស្បើយបន្តិច ដោយសារតែមានពាក់ព័ន្ធដ៏រឹងមាំជាមួយមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមទាំងប៉ូលីស ទាហានផងដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង