វិភាគៈ រដ្ឋាភិបាល និងបក្សប្រឆាំងវែណេស៊ុយអេឡា នឹងជួបចរចាលើកទី៣នៅសប្តាហ៍នេះ

ក្រុមតំណាងខាងរដ្ឋាភិបាល និងខាងគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា នឹងជួបចរចាជាលើកទី៣នៅប្រទេស បាបាដូស នៅសប្តាហ៍នេះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយក្នុងភាពទ័លច្រកនៃវិបត្តិនយោបាយក្នុងប្រទេសនេះ ។

មូលហេតុចំបងដែលនាំអោយមានកិច្ចចរចាលើកទី៣នេះ គឺបានកើតឡើងដោយសារវិបត្តិយោបាយនៅវែណេស៊ុយអេឡា បានអូសបន្លាយកាន់តែយូរដែលនាំអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងការលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះ ។

មូលហេតុមួយទៀត ដែលនាំអោយមានកិច្ចចរចា គឺដោយសារគោលបំណងសំខាន់របស់ប្រធានគណបក្សប្រឆាំង លោក ហួន ហ្កាយដូ (Juan Guaido) បានទទួលបរាជ័យទាំង ស្រុង ក្នុងការផ្តួលរំលំរដ្ឋាភិបាលលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ។

ជាមូលហេតុរួមផ្សំដែរ គឺដោយសារអ្នកជំនាញខាងនយោបាយជាច្រើនបានលើកឡើងថា គណបក្សប្រឆាំងវែណេស៊ុយអេឡា មិនមានជម្រើសណាមួយដែលល្អជាងការចរចានោះទេ ទោះបីជាអាមេរិកគាំទ្រគណបក្សប្រឆាំងក៏ដោយ ។

ភាគីជម្លោះទាំងពីររបស់ប្រទេសវែណេស៊ុយអេឡា ធ្លាប់ជួបគ្នាចំនួនពីរលើករួចមកហើយ ក្នុងឆ្នាំ២០១៩នេះ នៅទីក្រុង អូស្លូ ប្រទេសន័រវ៉េស ដើម្បីចរចាក្នុងបំណងទម្លុះទម្លាយភាពទ័លច្រកខាងនយោបាយ ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីទេ ។

សូមរំលឹកជូនថា កាលពីសប្តាហ៍មុន នាយទាហានម្នាក់ ដែលរងការចោទប្រកាន់ពីបទរួមដៃជាមួយគណបក្សប្រឆាំងក្នុងការធ្វើរដ្ឋប្រហារមិនបានសម្រេច បានបាត់បង់ជីវិតក្នុងពន្ធ នាគារ ដែលធ្វើអោយប្រធានគណបក្សប្រឆាំងខឹងសម្បាយ៉ាងខ្លាំង ។

ក្រោយពីការបាត់បង់ជីវិតនាយទាហានរូបនោះ ធានគណបក្សប្រឆាំង លោក ហួន ហ្កាយដូ បានប្តេជ្ញាមិនជួបចរចាជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ទៀតទេ ប៉ុន្តែប្រធានគណបក្សប្រឆាំងរូបនេះបានប្តូរចិត្តវិញ ។

កាលពីថ្ងៃចន្ទ ទី០៨ ខែកក្កដានេះ ប្រធានគណបក្សប្រឆាំងវែណេស៊ុយអេឡា លោក ហួន ហ្កាយដូ បានប្រកាសថា គណបក្សប្រឆាំងមានលក្ខខណ្ឌ៣ចំណុចក្នុងកិច្ចចរចាលើកទី៣ជាមួយក្រុមតំណាងរបស់រដ្ឋាភិបាលនៅក្នុងប្រទេសបាបាដូស នៅសប្តាហ៍នេះ ។

លក្ខខណ្ឌទី១ គឺការចុះចេញពីតំណែងរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ទី២ គឺការបង្កើតរដ្ឋាភិបាលអន្តរកាល និងទី៣ គឺការរៀបចំការបោះឆ្នោតដោយសេរី ដែលមានការចួលរូមពីក្រុមអង្កេតការណ៍អន្តរជាតិមកពីជុំវិញពិភពលោក ។

លោក ហួន ហ្កាយដូ បានបញ្ជាក់ថា លក្ខខណ្ឌទាំង៣ចំណុចរបស់គណបក្សប្រឆាំង គឺអាចជួយអោយប្រទេសវែណេស៊ុយអេឡា ចាកចេញពីរបបផ្តាច់ការរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ នៅពេលខាងមុខនេះ ។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសវែណេស៊ុយអេឡា លោក ចក អារៀហ្សា (Jorge Arreaza) បានថ្លែងថា គណបក្សប្រឆាំងមិនអាចដាក់បុរេលក្ខខណ្ឌដល់រដ្ឋាភិបាលនោះទេ ប្រសិនបើគណបក្សប្រឆាំង ចង់បញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ ។

លោក ចក អារៀហ្សា បានបន្ថែមថា ការទាមទារអោយលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ចុះចេញពីតំណែង និងការប្រកែកមិនទទួលយកបេក្ខភាពរបស់លោកប្រធានាធិបតីរូបនេះក្នុងរដ្ឋាភិបាលអន្តរកាល គឺកត្តានាំអោយបរាជ័យក្នុងកិច្ចចរចា ។

រដ្ឋមន្ត្រីការបរទេសដដែលបានបញ្ជាក់ថា ទោះបីជាមេដឹកនាំអាមេរិកប្រឹងប្រែងគាំទ្រគណបក្សប្រឆាំងយ៉ាងណាក៏ដោយ ក៏គណបក្សប្រឆាំងនៅតែទទួលបរាជ័យដែរ ដោយសារប្រជាពលរដ្ឋវែណេស៊ុយអេឡាលែងគាំទ្រគម្រោងរដ្ឋប្រហារទៀតហើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង