វិភាគៈ អ៊ីរ៉ង់បង្កអសន្តិសុខនាវាចរណ៍នៅច្រកសមុទ្រ ហរមូស ជាយុទ្ធសាស្រ្តសងសឹក

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ នៅតែបន្តឡើងកំដៅរហូតដល់ពេលនេះ ដោយអាមេរិកនៅតែដាក់គំនាបខាងយោធា និងទណ្ឌកម្មលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បន្តរកយុទ្ធសាស្ត្រសងសឹកវិញដែរ ដោយបង្កអសន្តិសុខនាវាចរណ៍នៅច្រកសមុទ្រ ហរមូស ។

ការបង្កអសន្តិសុខពីសំណាក់អ៊ីរ៉ង់នៅសមុទ្រ ពែក្ស (Persian gulf) និងច្រកសមុទ្រ ស្ត្រេត អោហ្វ ហរមូស (Strait of Hormuz) ត្រូវបានធ្វើឡើងដោយការវាយប្រហារវិច្ឆេទកម្ម ការបំផ្ទុះនាវាដឹកប្រេង ការបាញ់ទម្លាក់យានដ្រូនអាមេរិក និងការរំខាននាវាចរណ៍ ។

ចាប់តាំងពីអាមេរិក និងអ៊ីរ៉ង់មានភាពតានតឹង និងប្រឈមមុខដាក់គ្នាខាងយោធា មានការវាយប្រហារវិច្ឆេទកម្ម៣លើករួចមកហើយ ដោយការវាយប្រហារវិច្ឆេទកម្មពីរលើកលើនាវាដឹកប្រេង និងមួយលើកទៀតជាការបាញ់គ្រាប់រ៉ូកែតទៅក្បែរស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ ។

វិច្ឆេទកម្មលើកទីមួយ គឺការវាយប្រហារទៅលនាវាដឹកប្រេងចំនួន៤គ្រឿង ដែលនាវាពីរគ្រឿងជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត នៅសមុទ្រអារ៉ាប់រួម និងមួយលើកទៀត វាយប្រហារលើនាវាដឹកប្រេងមួយគ្រឿងរបស់ប្រទេសជប៉ុន និងមួយគ្រឿងទៀតរបស់ប្រទេសន័រវ៉េស ។

ក្រៅតែពីការបង្កអសន្តិសុខនាវាចរណ៍ដោយវាយប្រហារវិច្ឆេទកម្មទៅលើនាវាដឹកប្រេងនេះ អ៊ីរ៉ង់ក៏បានបាញ់ទម្លាក់យានដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿងផងដែរ ដោយចោទប្រ កាន់យានដ្រូនអាមេរិក ពីបទហោះហើរចូលក្នុងដែនអាកាសរបស់អ៊ីរ៉ង់ ។

ជាការបង្កអសន្តិសុខនាវាចរណ៍តាមសមុទ្រដូចគ្នានេះ កាលពីថ្ងៃពុធ ទី១០ ខែកក្កដានេះ នាវាយោធាចំនួន៥គ្រឿងរបស់ប្រទេសអ៊ីរ៉ង់ បានចូលទៅបង្អាក់ដំណើរនាវាដឹកប្រេងមួយគ្រឿងរបស់ចក្រភពអង់គ្លេស នៅច្រកសមុទ្រ ស្ត្រេត អោហ្វ ហរមូស ។

ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា នាវាយោធាទាំង៥គ្រឿងរបស់អ៊ីរ៉ង់ បានចូលទៅជិតនាវាដឹកប្រេងអង់គ្លេស ឈ្មោះ British Heritage នៅច្រកសមុទ្រ ស្ត្រេត អោហ្វ ហរមូស និងបង្ខំនាវាដឹកប្រេងអង់គ្លេសអោយបង្វែរទិសដៅចូលទៅកាន់ដែនទឹកអ៊ីរ៉ង់ ។

គោលបំណងក្នុងការបង្វែរទិសដៅនាវាដឹកប្រេងអង់គ្លេសពីសំណាក់នាវាយោធាអ៊ីរ៉ង់ មិនបានជោគជ័យទេ ដោយសារនាវាចម្បាំងអង់គ្លេសបានអមដំណើរនាវាដឹកប្រេងរបស់ខ្លួន និងគម្រាមនាវាយោធាអ៊ីរ៉ង់អោយចាកចេញពីនាវាដឹកប្រេងអង់គ្លេសជាបន្ទាន់ ។

កងកម្លាំងយោធានៅលើនាវាចម្បាំងអង់គ្លេស មិនត្រឹមតែគម្រាមនាវាយោធាអ៊ីរ៉ង់អោយចាកចេញពីកន្លែងកើតហេតុនោះទេ កងទ័ពជើងទឹកអង់គ្លេស ក៏បានបង្វែរកាណុងកាំភ្លើងតម្រង់ទៅរកនាវាយោធាអ៊ីរ៉ង់ទៀតផង ហើយនាវាយោធាអ៊ីរ៉ង់ក៏បានចាកចេញទៅបាត់ ។

ក្រុមអ្នកជំនាញខាងនយោបាយអន្តរជាតិជាច្រើនបានលើកឡើងថា នាវាយោធាអ៊ីរ៉ង់ ដែលបានបង្អាក់ដំណើរនាវាដឹកប្រេងរបស់ចក្រភពអង់គ្លេស គឺមានបំណងសំខាន់ពីរ គឺទីមួយ បង្ករអសន្តិសុខនាវាចរណ៍ និងទីពីរ គឺសងសឹកអង់គ្លេសដែលបានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ ។

ច្រកសមុទ្រ ហមូស ត្រូវបានគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ ដោយសារច្រកសមុទ្រនេះមានទីតាំងនៅចន្លោះប្រទេសអ៊ីរ៉ង់បែកខាងជើង និងប្រទេសអូម៉ង់ប៉ែកខាងត្បូង ដែលមានទទឹងប្រវែងជាង៤០គីឡូម៉ែត្រ ។

ហមូស ជាច្រកសមុទ្រតែមួយគត់ ដែលតភ្ជាប់ពីឈូងសមុទ្រពែក្ស (Persian Gulf) ទៅកាន់ឈូងសមុទ្រអ៊ីរ៉ង់ និងអូម៉ង់ រួចបន្តតភ្ជាប់ទៅកាន់មហាសមុទ្រឥណ្ឌាថែមទៀត ដែលជាការតភ្ជាប់ផ្លូវទឹកដ៏សំខាន់សម្រាប់នាវាចរណ៍ពាណិជ្ជកម្ម ។

ហមូស ជាច្រកសមុទ្រយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេងឆៅនៅលើពិភពលោក ដែលប្រេងឆៅប្រមាណជិត១៧លានបារ៉ែល ត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ ដែលជាការដឹកជញ្ជូនប្រេងឆៅជិត៣០%នៃផលិតផលប្រេងឆៅនៅលើពិភពលោក ។

ស្ទើរគ្រប់ប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដែលជាប្រទេសជង្រុកប្រេងឆៅ មានប្រទេស អ៊ីរ៉ង់ និងអារ៉ាប៊ី សាអូឌីត ជាដើម បានប្រើប្រាស់ច្រកសមុទ្រមួយនេះក្នុងការដឹកជញ្ជូនប្រេងឆៅជាង៨០%ទៅផ្គត់ផ្គង់អតិថិជននៅតំបន់អាស៊ី ៕លីលី

អត្ថបទដែលជាប់ទាក់ទង