រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោង​វិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន​ ៤គម្រោង​ ទំហំ១៤០​មេហ្គាវ៉ាត់​

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការនាយ​ករដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើ“សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ៤គម្រោង សរុបអានុភាព ១៤០មេហ្គាវ៉ាត់ ដើម្បីផលិកអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា”។

 

ចំពោះខ្លឹមសារនៃគម្រោងនេះ ត្រូវបានឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញជូនដូចខាងក្រោម៖

គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន ៤ គម្រោងបន្ថែមបន្ថែមទៀតដែលជាគម្រោងត្រូវធ្វើការអភិវឌ្ឍ និងដាក់ឲ្យដំណើរការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់ជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនីនៅក្នុងឆ្នាំ២០២០ និង ២០២១។
I. ផែនការដោះស្រាយបញ្ហាប្រភពអគ្គិសនីសម្រាប់ឆ្នាំ ២០២០ និង ២០២១
ស្ថេរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា បាននាំមកនូវការវិនិយោគផ្នែកសេដ្ឋកិច្ចដ៏ច្រើនលើ​គ្រល់​វិស័យជាបន្តបន្ទាប់ រួមស្ថានភាពកាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ២០២០ បានធ្វើ​ឲ្យសកម្មភាពវិនិយោគនេះកើនលើសពេលមុនៗ ជះឥទ្ធិពលឲ្យការប្រើប្រាស់អគ្គិសនីនៅឆ្នាំ២០២១ និង ឆ្នាំបន្តបន្ទាប់ទៀត កើនឡើងច្រើនលើសពីការគ្រោងទុក ។ ក្នុងស្ថានភាពប្រែប្រួលថ្មីនេះ ដើម្បីឲ្យការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាមានសុវត្តិភាព និងសន្តិសុខ យើងចាំបាច់ត្រូវធ្វើការព្យាករណ៍សេចក្តីត្រូវការអគ្គិសនីឡើងវិញឲ្យបានត្រឹមត្រូវ និងត្រូវរកប្រភពអគ្គិសនីដាក់បន្ថែមជាបន្តបន្ទាប់ឲ្យបានគ្រប់គ្រាន់ទាន់តាមកំណើន ព្រមទាំងត្រូវអភិវឌ្ឍប្រព័ន្ធបណ្តាញគ្រប់ប្រភេទ ឲ្យមានសមត្ថភាពសមស្របសម្រាប់កំណើននេះ ។
ដូច្នេះដើម្បីឲ្យការអភិវឌ្ឍអនុវត្តទៅប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ ក្រសួងរ៉ែ និងថាមពល បានរៀបចំការសិក្សាផែនការមេអភិវឌ្ឍវិស័យអគ្គិសនីឡើងវិញ ចំនួន ២ គឺទី១
-ការសិក្សាផែនការមេបន្ទាន់សម្រាប់រយៈពេលមធ្យម (២០២០ ដល់ ២០៣០) ដែលបច្ចុប្បន្នកំពុងតែសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាឈោ្មះ Chugoku Electric Power Co., lnc មកពីប្រទេសជប៉ុន ក្នុងក្របខណ្ឌនៃថវិការបស់អគ្គិសនីកម្ពុជា និងទី២ -ការសិក្សាផែនការមេរយៈពេលវែង (២០២០ ដល់ ២០៤០) ដែលគ្រោងចាប់ផ្តើមនៅខែកកដ្កា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនទីប្រឹក្សាឈ្មោះ Intelligent Energy System​ Pty,​ Ltd. (IES) ​មកពីប្រទេសអូស្រ្តាលី ក្នុងក្រខណ្ឌជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ។ ប៉ុន្តែក្នុងសភាពការណ៍បន្ទាន់នេះ អ្វីដែលត្រូវគិតគូរមុនដើម្បីចៀសវាងអភិវឌ្ឍមិនទាន់ពេលវេលា គឺការដោះស្រាយរកប្រភពអគ្គិសនីបន្ថែមឲ្យបានគ្រប់គ្រាន់សម្រាប់ឆ្នាំក្រោយ និងឆ្នាំបន្ទាប់មួយទៀត (២០២០ និង ២០២១) និងការរៀបចំទុកជាមុននូវគម្រោងដែលត្រូវដាក់ឲ្យដាក់ឲ្យដំណើរការក្នុងរយៈបួនទៅប្រាំឆ្នាំទៅមុខ ។
តាមការព្យាករណ៍សេចក្តីត្រូវការអគ្គិសនី របស់ក្រុមហ៊ុនទីប្រឹក្សាសិក្សាផែនការមេទី១ បានបង្ហាញថា សេចក្តីត្រូវការអគ្គិសនីអាចនឹងកើនពី ១៥៣៧ មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ ឡើងដល់២៣០៧មេហ្កាវ៉ាត់​នៅឆ្នាំ ២០២០ និងកើនដល់ ២៨៥៨ មេហ្កាវ៉ាត់ មេហ្កាវ៉ាត់ នៅឆ្នាំ២០២១ ដូច្នេះ ប្រសិនបើគិត​ចាប់ពីចុងឆ្នាំ២០១៨ មកសម្រាប់ឆ្នាំ២០២០ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីចំនួន ៧៧០ មេហ្កា​វ៉ា​ត់ទើបគ្រប់គ្រាន់ រួចសម្រាប់ឆ្នាំ២០២១ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីបន្ថែមពីលើថែមទៀតឲ្យដល់ ១៣២១ មេហ្កាវ៉ាត់ ទើបគ្រប់គ្រាន់ ។
1. សម្រាប់ឆ្នាំ ២០២០
– នៅឆមាសទី១ នៃឆ្នាំ២០១៩ យើងបានបង្កើនការនាំចូលពីវៀតណាមបន្ថែម ៥០ មេហ្កាវ៉ាត់ និងបង្កើតការនាំចូលពីថៃបន្ថែម ៦០ មេហ្កាវ៉ាត់រួចហើយ ។
– នៅខែសីហា ឆ្នាំ២០១៩ នឹងដាក់ឲ្យដំណើរការស្ថានីយផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ទំហំ ៦០ មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ រួចនៅខែវិចិ្ឆកា ឆ្នាំ២០១៩ ដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទំហំ ១៥០ មេហ្កាវ៉ាត់ នៅព្រះសីហនុ របស់ក្រុមហ៊ុន CEL2 ។
– នៅខែធ្នូ ឆ្នាំ២០១៩ នឹងបង្កើនការនាំចូលពីថៃបន្ថែម ៧០ មេហ្កាវ៉ាត់ បន្ថែមទៀត ។
– នៅខែមករា ឆ្នាំ២០១៩ នឹងបង្កើនការនាំចូលពីប្រព័ន្ធអគ្គិសនីឡាវបន្ថែម ១០០ មេហ្កាវ៉ាត់ទៀត និងនាំចូលប្រភពអគ្គិសនីពីវារីអគ្គិសនី ដន សាហុង ចំនួន ១៩៥ មេហ្កាវ៉ាត់ បូកបន្ថែមស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម ២០ មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ ។
– នៅក្នុងរង្វង់ខែមីនា ឆ្នាំ២០២០ នាំចូលអគ្គិសនីពីបណ្ដាវារីអគ្គិសនីនៅខេត្តអាត់តាពើប្រទេសឡាវ ចំនួន ២០០ មេហ្កាវ៉ាត់ ។
– នៅខែមេសាឆ្នាំ ២០២០ ដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីប្រើប្រេងខ្មៅ នៅក្បែររាជធានីភ្នំពេញ ទំហំសរុប ៤០០ មេហ្កាវ៉ាត់ និងដាក់ឲ្យដំណើរការស្ថានីយផលិតអគ្គិសនី ដើរដោយព្រះអាទិត្យ ៦០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ដែលគណៈរដ្ឋមន្ត្រីទើបអនុម័តនៅថ្ងៃទី៥ ខែមេសា មុននេះ ។
ដូច្នេះតាមអ្វីដែលយើងគ្រោងខាងលើ ចាប់ពីចុងឆ្នាំ២០១៨ រហូតដល់រដូវវស្សាឆ្នាំ២០២០ យើងអាចបន្ថែម “ ប្រភពអគ្គិសនីទុកចិត្តបាន ” ចំនួន ១២២៥ មេហ្កាវ៉ាត់ បូកនឹងប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលយើងចាត់ទុកជា “ ប្រភពអគ្គិសនីជំនួយបន្ថែម ” ចំនួន ១៤០ មេហ្កាវ៉ាត់ ដែលគ្រប់គ្រាន់សម្រាប់ឆ្នាំ២០២០ ដែលត្រូវការបន្ថែមត្រឹមតែ ៧៧០ មេហ្កាវ៉ាត់ ប៉ុណ្ណោះ ។
2. សម្រាប់ឆ្នាំ ២០២១
– ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ ដាក់ឲ្យដំណើរការស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ទំហំ ៦០ មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តនៅថ្ងៃទី៥ ខែមេសា មុននេះបូកបន្ថែម​គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយដោយពន្លឺព្រះអាទិត្យបន្ថែមថ្មីចំនួន ៤ គម្រោងទៀតទំហំសរុប ១៤០ មេហ្កាវ៉ាត់ ដែលកំពុងសើ្នសុំអង្គប្រជុំគណៈរដ្ឋមន្ត្រីធ្វើការពិនិត្យ និងសម្រេច ។
– នៅខែវិច្ឆិកា ឆ្នាំ២០២០ ដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីដុតធ្យូងថ្មក្នុងស្រុក របស់ក្រុមហ៊ុន HAN SENG COAL MINE CO., LTD នៅខេត្តឧត្តរមានជ័យ វគ្គទី១ ទំហំ ១០០ មេហ្កាវ៉ាត់ រួចនៅខែវិច្ឆិកា ​ឆ្នាំ២០២១ ​ដាក់ឲ្យដំណើរការវគ្គទី២ ​ទំហំ ១០០ ​មេហ្កាវ៉ាត់ទៀត សរុប ២០០ មេហ្កាវ៉ាត់ ។
ដូច្នេះតាមអ្វីដែលយើងគ្រោងខាងលើ សម្រាប់ឆ្នាំ២០២១ យើងអាចបន្ថែមប្រភពអគ្គិសនីទុកចិត្តបានចំនួន ២០០ មេហ្កាវ៉ាត់ បន្ថែមពីលើ ១២២៥ មេហ្កាវ៉ាត់ មុនត្រូវជា ១៤២៥ មេហ្កាវ៉ាត់ និងបន្ថែម​​ប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជាជំនួយបន្ថែមចំនួន ២០០ មេហ្កាវ៉ាត់ បន្ថែមពីលើ ១៤០ មេហ្កាវ៉ាត់លើកមុនសរុប ៣៤០ មេហ្កាវ៉ាត់ ធៀបទៅនឹងសេចក្តីត្រូវការបន្ថែមអតិបរមា តែ ១៣២១ មេហ្កាវ៉ាត់ ប៉ុណ្ណោះ ។

II. ដំណើរការនៃការអភិវឌ្ឍគម្រោងទាំង ៤ នោះ
ការបន្ថែមស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង ០៤ គម្រោងនេះ តាមការសិក្សា ដើម្បីឲ្យ​​មាន​ប្រសិទ្ធ​ភាព​ត្រូវបានគ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី ដូចខាង​ក្រោម៖ គម្រោងទី១ នៅខេត្តពោធិ៍សាត់ ៣០ មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង ៦០ មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ ៣០ មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។ ពិតមែនតែស្ថានីយផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផ្តល់ថាមពលអគ្គិសនីឲ្យយើងបានតិចតួចក្នុងរង្វង់ ១៨.៥% និងប្រែប្រួលជាប្រចាំទៅតាមស្ថានភាពពន្លឺតិច ឬច្រើន តាមម៉ោងនីមួយៗក៏ដោយ ប៉ុន្តែការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះ ជាការអភិវឌ្ឍមួយដែលយើងអាចធ្វើបានរហ័ស និង មានការគាំទ្រផ្គល់ហិរញ្ញប្បទានច្រើន ។
ដូច្នេះក្នុងសភាពការណ៍ដែលយើងកំពុងតែខំរិះរកមធ្យោបាយបន្ថែមប្រភពអគ្គិសនីផ្សេងៗ ផ្តល់ឲ្យប្រព័ន្ធផ្គត់ផ្គង់ដើម្បីចៀសឲ្យផុតពីការខ្វះអគ្គិសនីនៅឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត ការអភិវឌ្ឍ​ប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម គឺពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ដោយវាអាចជួយផ្តល់បន្ថែមប្រភពអគ្គិសនី ដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និង​ជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុនសម្រាប់ដំណើរការនៅ​ពេលត្រូវការចាំបាច់ផង ។

III. ផលប្រយោជន៍នៃការអភិវឌ្ឃគម្រោងទាំង ៤ នេះ
តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការវិនិយោគគម្រោងនេះមាន​ផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម ៖
– ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់ ។
– ផ្តល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សា​ទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង ។
– នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ ។
– លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធប្រមាណ ១ ៨៦៩ ៦៦៧ ដុល្លារអាមេរិកក្នុង ១ឆ្នាំជាមធ្យមក្នុងរយៈពេល ២១ ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង