នាយទាហានម្នាក់ នៅខេត្តកំពង់ឆ្នាំង ប្រកែកជាមួយប្រជាពលរដ្ឋ រហូតដាច់ខ្យល់ស្លាប់នៅលើកៅអី ព្រោះរឿងដីធ្លី

(កំពង់ឆ្នាំង)៖ មន្ត្រីយោធាយោធាស័ក្តិ៥ម្នាក់ បម្រើការនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានធ្លាក់ពីលើកៅអី ដាច់ខ្យល់ស្លាប់ភ្លាមៗ ក្នុងពេលកំពុងតែប្រកែកគ្នាជាមួយប្រជាពលរដ្ឋក្នុងជម្លោះដីធ្លី។

មន្ត្រីយោធារូបនេះឈ្មោះ ម៉ៅ តារារដ្ឋា បម្រើការក្នុងអង្គភាព K88 មានមូលដ្ឋានក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋនៅភូមិក្បែរបន្ទាយនេះ បាននាំគ្នាភ្ជួរដីចម្ការរបស់ខ្លួន ដែលមានដីទំនាស់  ហើយពេលនោះត្រូវបានក្រុមទាហានមកពីអង្គភាព K88 ចេញមកឃាត់មិនឲ្យភ្ជួរ ក៏កើតមានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃករៀងៗខ្លួន។

ក្នុងខណៈពេលកំពុងតែប្រកែកគ្នានេះ ស្រាប់តែមានមន្ត្រីយោធាម្នាក់ឈ្មោះ ម៉ៅ តារារដ្ឋាបានធ្លាក់ពីលើកៅអី ដែលកំពុងតែអង្គុយប្រកែកគ្នា ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

មន្ត្រីយោធារូបនេះត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ព្រោះគាត់ស្លាប់រួចទៅហើយ។

សូមបញ្ជាក់ថា ក្នុងជម្លោះដណ្តើមដីគ្នារវាងប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី និងអង្គភាពយោធា K88 នេះ ខាងក្រុមទាហាន បានអះអាងថា ជាដីរបស់អង្គភាព ចំណែកប្រជាពលរដ្ឋអះអាងថា គឺជាដីរបស់គាត់កាន់កាប់គ្រប់គ្រងតាំងពីឆ្នាំ១៩៨២៕

អត្ថបទដែលជាប់ទាក់ទង