តុលាការសម្រេចឃុំខ្លួន គង់ រ៉ៃយ៉ា ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ

(ភ្នំពេញ)៖ ទីបំផុតទៅលោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះបានសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទឈ្មោះ គង់ រ៉ៃយ៉ា ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

ការឃុំខ្លួនជនត្រូវចោទខាងលើបន្ទាប់ពី លោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើសួរ និងចោទប្រកាន់លើឈ្មោះ គង់ រ៉ៃយ៉ា ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ យោងតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា ជនត្រូវចោទ គង់ រ៉ៃយ៉ា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេធ្វើសកម្មភាពបោះពុម្ព ទ្រឹស្ដី និងរូបរបស់លោកបណ្ឌិត កែម ឡី នៅលើអាវយឺតព័ណ៌ខ្មៅ និងស រួចយកទៅបង្ហោះលក់នៅលើបណ្តាញសង្គម Facebook ដែលមាន ខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។

គួររំលឹកថា ជនត្រូវចោទ គង់ រ៉ៃយ៉ា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ ម្តងរួចមកងហើយពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ក្នុងអំពើប្រកាសឲ្យមហាជនធ្វើបដិវត្តន៍ព័ណ៌តាមបណ្ដាញ សង្គម Facebook យោងតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង