ឯកឧត្តម​ ម៉ែ​ន​ វិបុល​៖​ សូម​ចូលរួម​ថែរក្សា​ផ្លូវ​របស់​យើង​ ដើម្បី​ធានា​ឲ្យ​ប្រើប្រាស់​បាន​គង់វង្ស​យូរអង្វែង​ ជា​ប្រយោជន៍​សាធារណៈ​!

(​ស្វាយ​រៀង​)៖​ ឯកឧត្តម​ ម៉ែ​ន​ វិបុល​ បាន​លើក​ឡើង​ថា​ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​២​ខ្សែ​ ដែល​សម្ពោធ​នៅ​ពេល​នេះ​ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ ដែល​កើត​ចេញពី​ការ​ចូលរួម​ចំណែក​ ចែករំលែក​ សហការ​ សម្រាប់​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​វប្បធម៌​ នៃ​ការ​ចែករំលែក​ និង​ការ​រួម​សហការ​យ៉ាង​ល្អ​ប្រសើរ​រវាង​រដ្ឋ​ ក្រុមការងារ​ និង​ប្រជាពលរដ្ឋ​ ក្នុង​នាម​ អភិបាលខេត្ត​ សូម​លើកទឹកចិត្ត​ និង​គាំទ្រ​ឲ្យ​បងប្អូន​បន្ត​នូវ​សកម្មភាព​នេះ​ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​របស់​យើង​ ។​

​ឯកឧត្តម​បន្ត​ថា​ ចំពោះ​ការ​ស្ថាបនា​ផ្លូវ​នេះ​ មិនមែន​ជា​គម្រោង​ចុង​ក្រោយ​នោះ​ទេ​ នៅ​ថ្ងៃនេះ​យើង​សម្រេច​បានជា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​ ខេត្ត​ក៏​នឹង​ប្រែក្លាយ​ផ្លូវ​នេះ​ ពី​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ទៅ​ជា​ផ្លូវ​ចាក់​បេតុង​ ឬ​ផ្លូវ​កៅស៊ូ​តែ​ម្ដង​ ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​ វិស័យ​របស់​ប្រទេស​ជាតិ​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ដូច្នេះ​ថា​ «​ត្រូវ​ចូល​រូ​ម​ថែរក្សា​ផ្លូវ​របស់​យើង​ ដើម្បី​ធានា​ឲ្យ​ប្រើប្រាស់​បាន​គង់វង្ស​យូរអង្វែង​ សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផង​ដែរ​។​

​ឯកឧត្តម​បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​០២​ខ្សែ​ ប្រវែង​៣៧៨៨​ម៉ែត្រ​ ក្រោម​អធិបតីភាព​លោក​ ជុក​ មុន្នី​ រដ្ឋលេខាធិការ​ ក្រសួង​មុខងារសាធារណៈ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​ស្វាយ​រៀង​ លោក​ ម៉ែ​ន​ វិបុល​ អភិបាល​ខេត្តស្វាយរៀង​ និង​លោក​ សំ​ សិរី​រតន៍​ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ក្រុង​ស្វាយ​រៀង​។​

​ពី​ធី​នេះ​ក៏​មានការ​ចូលរួម​ពី​លោក​ ណុ​ប​ ចំរើន​ អភិបាលក្រុង​ស្វាយ​រៀង​ លោក​ លោកស្រី​ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ក្រុង​ស្វាយ​រៀង​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ កងកម្លាំង​ទាំង​បី​ មន្ត្រីរាជការ​សាលាក្រុង​ ចំណុះ​ សាលាក្រុង​ ក្រុមប្រឹក្សា​សង្កាត់​ ចេក​ ថ្នាក់ដឹកនាំ​ភូមិ​ និង​ប្រជាពលរដ្ឋ​ ដែរ​នា​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ នៅ​ភូមិ​ចេក​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​៕​ (SN-PK)

អត្ថបទដែលជាប់ទាក់ទង