នគរបាលនឹងបញ្ជូនខ្លួនជនសង្ស័យ សួង នាគព័ន្ធ ទៅតុលាការនៅរសៀលថ្ងៃនេះ

(​ភ្នំពេញ​)៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន នឹងបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សួង នាគព័ន្ធ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីបន្តនីតិវីធី ពាក់ព័ន្ធករណី ដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ របស់សពបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ ប្រឆាំងនឹងការហាមឃាត់របស់អាជ្ញាធរដែនដី។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សួង នាគព័ន្ធ, ឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ​ ហួរ​ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ នៅគ្រាដែលពួកគេ ដឹកនាំមនុស្សមួយក្រុម ទៅរៀបចំពិធីដុតធូប និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី នៅចំណុចស្តារម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយសាកសួរ សមត្ថកិច្ច បានដោះលែងជនសង្ស័យឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ឲ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃដដែល និងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ទៅតុលាការក្រោមបទចោទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងស្តារម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ យកទៅសាកសួរ ទើបជនជាប់ចោទសារភាពថា រូបគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែរឿងជំពាក់លុយមិនសង។

ពេលនេះ ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការទាំង ៣ថ្នាក់ នៃព្រះរាជណាចក្រកម្ពុជា សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ជីវិត៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង