មួយគ្រាប់ចុងក្រោយរបស់តាំង សុភក្ត្រ័ជួយឱ្យអង្គរថាយហ្គឺរ ឡើងទៅវគ្គ៨ក្រុម;បឹងកេតឡើងដែរក្រោយឈ្នះសៀមរាប

(កម្ពុជា)៖ ក្រុមបាល់ទាត់អង្គរថាយហ្គឺរបានឡើងទៅដល់វគ្គ១/៤ផ្តាច់ព្រ័ត្រហើយ ក្រោយឈ្នះអគ្គិសនីកម្ពុជា ៣ទល់នឹង២ ដោយគ្រាប់បាល់ចុងក្រោយរបស់កីឡាករ តាំង សុភក្ត្រ័ ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩។

ជើងទី១ក្រុមទាំងពីរនេះគ្មានគ្រាប់បាល់ទេ។ តែជើងទី២ក្រុមទាំងពីរ ស៊ុតបញ្ចូលទីគ្នាបានរហូតដល់ទៅ៥គ្រាប់ឯណោះ។

ជំនួបនេះ តង់ទី១ អង្គរថាយហ្គឺរនាំមុខអគ្គិសនីកម្ពុជា ២ទល់នឹង១ ដោយគ្រាប់បាល់កីឡាករ តាំង សុភក្ត្រ័ និងកីឡាករសឹង ណារិទ្ធ ខណៈមួយគ្រាប់របស់អគ្គិសនីកើតឡើងដោយកីឡាករ ស៊ាន ភីសារ។ តែលេងតង់ទី២បាន១៣នាទី អគ្គិសនីតាមស្មើវិញដោយបាល់ពិន័យម៉ែត្ររបស់កីឡាករ ឈឿង វិស៊ីនុ។
យ៉ាងណាក៏ដោយជិតចប់ការប្រកួត តាំង សុភក្ត្រ័ បានស៊ុតគ្រាប់ជ័យជំនះជូនក្រុម។

ចំនែកបឹងកេត ក៏បានឡើងទៅវគ្គ៨ក្រុមចុងក្រោយដែរ ក្រោយបឹងកេតឈ្នះខេត្តសៀមរាប ៣ទល់នឹង០ជើងទី២ នៅកីឡដ្ឋានរបស់ខ្លួន បឹងស្នោរ សង្កាត់និរោធ រាជធានីភ្នំពេញ។ ជើងទី១ បឹងកេតឈ្នះសៀមរាប ៦ទល់នឹង០។

បីគ្រាប់របស់បឹងកេតនៅជើងទី២នេះកើតឡើងដោយកីឡាករ ម៉ុន វ៉ានដា ជា វេសល្លី និងកីឡាករចាន់ វឌ្ឍនាការ។ សរុបទាំងពីរជើងបឹងកេតឈ្នះ៩ទល់នឹង០។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ស្អែក ខេត្តកំពង់ចាម ទទួលភ្នំពេញក្រោននៅស្តាតចាស់ និងខេត្តត្បូងឃ្មុំ ទទួលព្រះខ័នរាជស្វាយរៀងនៅទឹកដី AEU Sport Park អរិយក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង