ផ្លូវខូច២២ខ្សែ នៅក្នុងក្រុងព្រះសីហនុ នឹងត្រូវស្តារឡើវិញទាំងអស់ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

(ព្រះសីហនុ)៖ ផ្លូវចំនួន២២ខ្សែ នៅក្នុងក្រុងព្រះសីហនុ ដែលកំពុងរងការខូចយ៉ាងធ្ងន់ធ្ងរ នឹងត្រូវស្តារឡើងវិញទាំងអស់ រួមទាំងប្រពន្ធ័លូ និងប្រឡាយទឹកកខ្វក់ផងដែរ ដើម្បីធ្វើឲ្យបានប្រសើរឡើង នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ខាងមុខ។

គម្រោងនេះត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំមួយ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញមួយចំនួនទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវចំនួន២២ខ្សែ ក្នុងក្រុងព្រះសីហនុ នឹងជួសជុលឡើងវិញទាំងអស់។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងជំរុញឲ្យក្រុមការងារជំនាញពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ៦ខ្សែ ដែលខ្វះប្រភពថវិកា ឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅពេលខាងមុខ មានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២ខាងមុខ។

បើតាមមន្ត្រីជំនាញ បាននិយាយថា ក្នុងចំណោមផ្លូវទាំងនេះ១២ខ្សែ គឺប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៦ខ្សែ ប្រើថវិកាបានមកពីសំណង់បណ្តាក្រុមហ៊ុន  ឬវិនិយោគ ដែលធ្វើឲ្យផ្លូវក្នុងក្រុងព្រះសីហនុខូច ដោយសារការដឹកជញ្ជូនសម្ភារៈផ្សេងៗ បម្រើឲ្យការសាងសង់អគារប្រកបអាជីវកម្មធំៗ ទើបផ្វើឲ្យខូចផ្លូវក្នុងក្រុង។ ចំណែកផ្លូវ៣ខ្សែទៀត គឺជាគម្រោងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងផ្លូវ១ខ្សែត្រូវជួសជុលដោយថវិកា កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមរយៈគម្រោងនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងការខូចផ្លូវ នៅក្នុងខេត្តព្រះសីហនុ ដែលកើតមានកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រសួងសាធារណ:ការ ​និងដឹកជញ្ជូន នឹងខិតខំដោះស្រាយឲ្យបាន​ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយដើម្បីឲ្យគម្រោងទាំងអស់ខាងលើនេះ ទទួលបានប្រសិទ្ឋភាពខ្ពស់ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមសហការផងដែរ។

ឯកឧត្តម បានថ្លែងអំណរគុណដល់​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ ១២ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីធ្វើឲ្យស្ថានភាពផ្លូវក្រុងព្រះសីហនុ បានប្រសើរឡើងវិញ៕ (សាវ៉ុន)

អត្ថបទដែលជាប់ទាក់ទង