នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួន គង់ រ៉ៃ យ៉ា ទៅតុលាការពាក់ព័ន្ធបទល្មើស ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ក្នុងថ្ងៃខួប ៣ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ គង់ រ៉ៃយ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើស ញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា និងបក្ខពួក ៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពួកគេបោះពុម្ពទ្រឹស្ដី របស់លោកបណ្ឌិត កែម ឡី នៅលើអាវយឺតពណ៌ខ្មៅ និងស ដែលមានខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ ដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែមឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ច បានសម្រេចឲ្យមនុស្ស ៣នាក់ទៅផ្ទះវិញមដោយទុកតែជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។

គួររំឭកថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា កាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៦ ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ ម្តងរួចមកងហើយពីបទ ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ក្នុងអំពើប្រកាសឲ្យមហាជនធ្វើបដិវត្តពណ៌តាមបណ្ដាញ សង្គម Facebook យោងតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង