​មេដឹកនាំហុងកុង៖ សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នរលាយបាត់ហើយ​

(ចិន)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ ​បាននិយាយនៅថ្ងៃអង្គារនេះថា សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នដែលបានបង្កឲ្យមានវិបត្តិនយោបាយដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះនៅក្នុងទីក្រុងហុងកុងបានរលាយបាត់ហើយ ហើយការងាររបស់រដ្ឋាភិបាលចំពោះសេចក្តីព្រាងច្បាប់នេះបានទទួលបរាជ័យទាំងស្រុង។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ​, លោកស្រី ឡាំ បានទទួលស្គាល់ថានៅមានការសង្ស័យថាតើរដ្ឋាភិបាលនឹងយកសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នទៅពិភាក្សានៅក្នុងក្រុមប្រឹក្សានីតិប្បញ្ញត្តិឡើងវិញដែរឬទេ។ ដូច្នេះលោកស្រីបានបញ្ជាក់ម្តងទៀតថា សេចក្តីព្រាងច្បាប់នោះបានរលាយបាត់ហើយ។

​សូមជម្រាបថា សេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យនៅក្នុងទីក្រុងហុងកុងទៅកាត់ទោសនៅប្រទេសចិននោះបានបង្កឲ្យមានការតវ៉ាដោយហិង្សាទ្រង់ទ្រាយធំនៅតាមដងផ្លូវនិងធ្វើឲ្យអតីតដែនដីអាណានិគមអង់គ្លេសមួយនេះធ្លាក់ចូលក្នុងភាពវឹកវរ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង