មន្ទីរពេទ្យគន្ធបុប្ផា ទទួលអំណោយមនុស្សធម៌ ជាទឹកប្រាក់៦លានរៀល ពីក្រុមហ៊ុន វីខ្មែរ អិចប្រេស្ស

(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន វីខ្មែរ អុិចប្រេស្ស (VKHMER Express) កាលពីថ្ងៃទី៥ខែកក្តដា ឆ្នាំ២០១៩ ដោយបានផ្តល់អំណោយដ៏ថ្លៃថ្លា ជាថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៦លានរៀល ដើម្បីចូលរួមគាំទ្រនិរន្តរភាពនៃសកម្មភាពមនុស្ស ជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ។

លោក ប៉ាត់ ចំណាន អគ្គនាយក​ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស ​បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់កុមារក្នុងមួយថ្ងៃៗ មានកុមារមិនតិចជាង២០០០នាក់ ​ដែលចូលមកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងមានកុមារតូចៗចូលសម្រាកក្នុងមន្ទីរពេទ្យនេះជាង៦០០នាក់ ហើយក្នុងឆ្នាំនេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងងយ៉ាងខ្លាំងនៅទូទាងប្រទេសកម្ពុជា។

លោកអគ្គនាយក បានបញ្ជាក់ថា «ថវិកាដ៏តិចតួច ដែលយើងបានចូលរួមជួយដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺយើងធ្វើតាមអ្វី ដែលយើងមាន និងអាចធ្វើបាន»។

លើសពីនេះលោកថា តើមានកុមារកម្ពុជាយើង ប៉ុន្មានរយនាក់ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាមនេះ ហើយសំណូមពរដល់សហគ្រាសតូច ធំទាំងអស់នៅកម្ពុជា​ និងក្រុមហ៊ុនផ្សេងៗទៀត គួរតែជួយជំរុញបុគ្គលិកទាំអស់ ឲ្យជួយផ្តល់ថវិកាខ្លះៗ។

លោកអគ្គនាយកបានបន្ថែមទៀតថា «យើងគួររួមគ្នា ទាំងអស់ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេស ដើម្បីជួយសង្រោះជីវិតកុមារ ដែលចូលមកព្យាល និងសម្រាកនៅក្នុងមន្ទីរនេះ។

កន្លងមកសប្បុរសជនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយទ្រទ្រង់និរន្តរភាពការងារមនុស្សធម៌របស់មន្ទីរគន្ធបុប្ផា ស្របតាមការអំពាវរបស់ប្រមុខដឹកនាំកម្ពុជា។

សូមរំឭកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនបណ្តោយឲ្យកម្មវិធីណាមួយដួលរលំ ដោយសារម្ចាស់ជំនួយដកថយនោះទេ ជាពិសេស ដូចជានិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍ថា «យើងមិនបណ្តោយឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដួលរលំឡើយ។ គ្មានកម្មវិធីណាមួយ ដែលម្ចាស់ជំនួយដកថយ ហើយដួលរលំនោះទេ»៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង