សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យសុខភាព នៅមន្ទីរពេទ្យសង្ហបុរី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅមុននេះបន្តិចថា សម្តេចនឹងអញ្ជើញទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យសង្ហបុរី ដោយសារគ្រេចស្មាខាងស្តាំ ចំណែកជំនួបនៅសប្តហ៍ក្រោយ ក៏ត្រូវលុបចោលដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះថា «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបុរីពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្តិទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះដែលខ្ញុំត្រូវលុបចោលនូវជំនួបនោះ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់កាន់ប្រទេសកម្ពុជាវិញ នាព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ ដែលមានរយៈពេល៣ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងបេសកកម្មនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាមួយការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង