EU ផ្តល់ជំនួយជាង ​៨០លានអឺរ៉ូ ​ជួយអភិវឌ្ឍវិស័យ​ជលផល​នៅកម្ពុជា​

(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណងចំនួន ៨៧លានអឺរ៉ូ សម្រាប់​អនុវត្តគម្រោងលើផ្នែកជលផល ចាប់ពីឆ្នាំ២០១៩-២០២៣ ដែលអនុវត្តដោយអង្គការ FAO UNESCO​ និង UNIDO ហើយរដ្ឋបាលជលផល គឺជាស្ថាប័នទទួលខុសត្រូវ។

របាយការណ៍របស់រដ្ឋបាលជលផល នៅថ្ងៃទី៣ ខែកក្កដានេះ បានឲ្យដឹងថា គម្រោងនេះមានគោល​បំណង​គាំទ្រលើឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលមានចេតនាចង់ធ្វើការអភិវឌ្ឍវិស័យជលផល ឲ្យមាននិរន្តរភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័នតាមរយៈការអនុវត្តផែនការសកម្ម​ភាព​​សំខាន់ៗ ចំនួន៣ រួមមាន៖ ទី១-ការកែលម្អការ ដឹកនាំការគ្រប់គ្រងលើការអនុវត្តច្បាប់ និងបច្ចេកទេស ការគ្រប់គ្រងអភិរក្សត្រួតពិនិត្យ និងអង្កេតធនធានជលផលទាំងទឹកសាប និងសមុទ្រ។ ទី២-ធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមតាមរយ:ការពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម-កែច្នៃ) ដែលរួមចំណែកបង្កើតការងារ និងបង្កើនចំណូលគ្រួសារ។ និងទី៣-ធ្វើការកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងសង្គមរវាងប្រជានេសាទ ជាមួយប្រជាពលរដ្ឋ មិនមែនជាអ្នកនេសាទ៕

អត្ថបទដែលជាប់ទាក់ទង