កម្ពុជាស្នើអង្គការអន្តរជាតិ​គាំទ្រដល់វិស័យពាណិជ្ជកម្ម​នៅកម្ពុជា​

(ហ្សឺណែវ, ស្វីស)ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី​៥៣ (53rd Joint Advisory Group Meeting) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ថ្ងៃទី​០២ កក្កដា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី ​ក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ សេចក្តីថ្លែងការណ៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិ​បត្តិការ និងជំនួយដែលបានផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជំនួយដូចជា ការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការជួយដល់សហគ្រាសកម្ពុជាមួយចំនួនចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់អង្គការអន្តរជាតិទាំងនេះបន្តផ្តល់ជំនួយ និងគម្រោងនានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយកាត់បន្ថយភាពក្រក្រី និងបង្កើតការងារ សម្រាប់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី​៥៣ បានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់លើទំនាក់ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អង្គការ​ពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។

អង្គការទាំងនេះ បានបញ្ជាក់ពីជំហរក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការបន្តជួយដល់ប្រទេស​​កំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម​តាមរយៈការ​ផ្តល់អនុសាសន៍ និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ៕

អត្ថបទដែលជាប់ទាក់ទង