ផ្លូវថ្មីមួយខ្សែចាប់ពីព្រលានយន្តហោះកងកេង​ទៅក្រុងព្រះសីហនុ ​គ្រោងនឹងសាងសង់ឡើង​ ដើម្បីសម្រួលការកក​ស្ទះចរាចរណ៍​

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហើបពីគម្រោងសាងសង់ផ្លូវមួយខ្សែ ចាប់​ពីព្រលានយន្តហោះកងកេង ទៅដល់ក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះ និងសម្រួលការកកស្ទះចរាច​រណ៍។

ថ្លែងប្រាប់ក្នុងជំនួបជាមួយគណៈប្រតិភូវិនិយោគិនចិន ដឹកនាំដោយអ្នកសារព័ត៌មានកម្ពុជា-ចិន នាពេលថ្មីៗនេះ លោក គួច ចំរើន បានបញ្ជាក់ថា លោកមានបំណងផ្លូវថ្មីមួយខ្សែនេះ ដោយសារផ្លូវបច្ចុប្បន្ន​មានតែមួយ ហើយមាន រថយន្ត​តូច​-ធំ​ដឹក​ភ្ញៀវទេសចរ បើកចេញ-ចូល ពីរាជធានីភ្នំពេញផង និងមកពីព្រលានយន្តហោះផងដែរ។

គណៈប្រតិភូវិនិយោគិនចិនក្នុងខេត្តព្រះសីហនុ បានបង្ហាញការប្ដេជ្ញាចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បី​សាង​សង់​ផ្លូវមួយខ្សែនេះផងដែរ។

គួរជម្រាបថា កាលពីថ្ងៃទី២៧ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុ បានចេញវិធានការហាមឃាត់រថយន្ត​ដឹកជញ្ជូនធន់ធ្ងន់ចូលទីប្រជុំជនក្រុងព្រះសីហនុ និងហាមរថយន្តគ្រប់ប្រភេទ ចតលើទូ្រងផ្លូវ និង​ចំណី​ផ្លូវ ក្នុងទីប្រជុំជនក្រុងព្រះសីហនុ។

វិធានការនេះ បន្ទាប់ពីខេត្តជាប់មាត់សមុទ្រមួយនេះ បច្ចុប្បន្នកំពុងមានកំណើនយានយន្តធ្វើចរាចរណ៍​ក្នុងទីក្រុងយ៉ាងមមាញឹក ដែលធ្វើឲ្យចរាចរណ៍មានសភាពចង្អៀត និងមានការកកស្ទះចរាចរណ៍ក្នុងទីប្រជុំជនជាខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង