ក្រុមម្ចាស់គ្រឿងចក្រ នាំគ្នាប្ដឹងទារប្រាក់២សែនដុល្លារ បន្ទាប់ពីបរាជ័យក្នុងគម្រោងជីកយកដីចំណីបឹងទន្លេសាប នៅខេត្តសៀមរាប

(សៀមរាប)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា គម្រោងកាយបារាយណ៍នៅលើចំណីដីបឹងទន្លេសាប ត្រង់ចំណុចទំនប់លេខ៧៨ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានក្រុមម្ចាស់គ្រឿងចក្រ ដាក់ពាក្យបណ្តឹងចូលដល់តុលាការ ទាមទារប្រាកកក់មកវិញ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកដំណើរការ។

តាមលិខិតកិច្ចសន្យាចំនួនបីសន្លឹក ដែលអ្នកសារព័ត៌មានទទួលបាន ឃើញមានស្នាមមេដៃពីម្ចាស់គម្រោងកាយបារាយណ៍ ដោយមានការឯកភាពគ្នារវាងលោក គង់ ប៉ឹប ជាក្រុមប្រឹក្សាសង្កាត់ និងលោក ក្អោក រ៉ន ចៅសង្កាត់ជ្រាវ រួមជាមួយលោក គង់ មង្គល ហៅ គន់ ជាប្រធានសហគមន៍ទំនប់លេខ៧៨ ដែលមានទាំងមេភូមិចំនួន៧ នៅក្នុងសង្កាត់នេះ បានផ្តិតមេដៃចូលរួមធ្វេីជាសាក្សីនៅលេីគម្រោងមួយនេះ ជាមួយម្ចាស់គ្រឿងចក្រ ដោយសន្យាបែងចែកជាបួនក្រុម មានលោក ឡុង ឌី ជាមេក្រុមក្នុងចំណោមក្រុមទាំងបួននេះ។

លោក ឡុង ឌី បានឲ្យដឹងថា លោកបានពឹងមេធាវីរបស់លោក ដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីប្តឹងឈ្មោះបីនាក់ខាងលេី ដែលជាអ្នករៀបចំគម្រោង ដោយទាមទារយកប្រាក់ចំនួនជាង២សែនដុល្លារ សម្រាប់ថ្លៃសេវាកម្មផ្សេងៗ ក្នុងនោះលោកក៏បានផ្តល់ឯកសារយល់ព្រមកក់ប្រាក់ចំនួន១៥០០០ដុល្លារ សម្រាប់រក្សារទុកក្នុងកុងត្រាដេីម្បីចូលគ្រឿងចក្រ។

ក្នុងកិច្ចសន្យានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាទូទាត់ប្រាក់ ក្នុងបរិមាណដីចន្លោះចាប់ពី៣០០០០ម៉ែត្រគីប ហេីយការទូទាត់ប្រាក់លេីកទីមួយ គឺគិតត្រឹមតែ៧០ភាគរយ នៃតម្លៃទឹកប្រាក់ដឹកដីបានសរុប ចំណែកការទូទាត់បន្ទាប់ គឺត្រូវបាន១០០ភាគរយនៃប្រាក់ដឹកសរុប។

កិច្ចសន្យាដដែលនេះបានចែងទៀតថា ប្រសិនម្ចាស់គ្រឿងចក្រធ្វេីមិនបានតាមការព្រមព្រៀងទេ ត្រូវពិន័យជាទឹកប្រាក់ចំនួន២៥ភាគរយទៅឱ្យម្ចាស់គម្រោង ចំណែក រាល់ការចំណាយលើអាជ្ញប័ណ្ណ និងបង់សួយសារអាករនៃការលក់អាចម៌ដីចេញទៅក្រៅ គឺជាបន្ទុករបស់ម្ចាស់គម្រោង។

ទាក់ទងនឹងការលើកឡើងខាងលើនេះ លោក គង់ មង្គល ហៅគង់ ជាម្ចាស់គម្រោង បានឲ្យដឹងយ៉ាងខ្លីថា រឿងនេះលោកកំពុងតែដោះស្រាយគ្នាហើយ។

សូមបញ្ជាក់ថា គម្រោងកាយបារាយណ៍ក្នុងចំណីដីបឹងទន្លេសាប ស្ថិតនៅក្នុងសង្កាត់ជ្រាវនេះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញថ្នាក់ខេត្ត បញ្ជាឲ្យផ្អាក ដើម្បីឲ្យម្ចាស់គម្រោងដាក់ពាក្យស្នេីសុំទៅតាមច្បាប់ ព្រោះដីនេះស្ថិតនៅក្នុងតំបន់៣នៃបឹងទន្លេសាប៕

 

អត្ថបទដែលជាប់ទាក់ទង