​ផែនការមេ​ ជំរុញការអភិវឌ្ឍន៍​ និងប្រែក្លាយ​ខេត្តព្រះសីហនុ ​ទៅជា​តំបន់សេដ្ឋកិច្ចពិសេស​គំរូ​ពហុ​បំណង ​

(ភ្នំពេញ)៖ កិច្ចប្រជុំដ៏សំខាន់មួយ ត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធផលនៃការ សិក្សាបឋមស្តីពីការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ​ពហុបំណង ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ ២០១៥-២០២៥។

អង្គប្រជុំ ដែលមានការចូលរួមពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានពិភាក្សាលើលទ្ធផល នៃការសិក្សាបឋម របស់ក្រុមការងារ និងបានកំណត់បញ្ហាប្រឈមនានា
រួមទាំងផ្ដល់អនុសាសន៍ ជាវិធានការគោលនយោបាយ សំដៅដោះស្រាយបញ្ហា ទាំងនាពេលបច្ចុប្បន្ននិងទៅអនាគត និងស្នើឲ្យក្រុមការងារធ្វើការសិក្សា និងគិតគួរឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ដាក់បញ្ចូលអនុវត្តជាក់លាក់ នៅក្នុងគម្រោងផែនការមេដើម្បីអភិវឌ្ឍ នឹងប្រែក្លាយខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។

ជាការកត់សម្គាល់ ផែនការមេត្រូវរួមបញ្ចូលនូវទិដ្ឋភាព៖ ចក្ខុវិស័យវែងឆ្ងាយដោយ ឈរលើគោលការណ៍សំខាន់ៗដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវៃឆ្លាត បរិក្ខារសម្រាប់រស់នៅ លំដាប់ពិភពលោក បរិស្ថាន​បៃតង បណ្ដាំឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានជំនាញ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនៅវានុវត្តន៍។ ជាតំបន់មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ នៃខ្សែក្រវាត់បៃតងកសិកម្ម និងតំបន់លំនៅឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់ សេវាសាធា​រណៈ ដែលមានគុណភាពស្តង់ដារខ្ពស់។

វិទ្យាស្ថាន UPDIS បានចែករំលែកពីបទពិសោធន៍ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងបណ្ដាប្រទេសជាច្រើន ដែលរៀបចំនិងអនុវត្តដោយវិទ្យាស្ថាន UPDIS ក្នុងនោះមានដំណើរការនៃការអភិវឌ្ឍទីក្រុងស៊ិនជិន
ប្រទេសចិន ដែលបានប្រែក្លាយពីអតីតតំបន់ភូមិនេសាទ មកជាទីក្រុងមួយដ៏ស្រស់ត្រកាល នឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ បើត្រូវបានគេចាត់ទុកថា ជាប្រភេទទីក្រុងវៃឆ្លាត។ ការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិននេះ គឺមានការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីដំណាក់​កាលមួយទៅដំណាក់កាលមួយ ទាំងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសំណង់អាគារ តំបន់លំនៅដ្ឋានការកំណត់តំបន់ឧស្សាហកម្ម តំបន់ការពារបរិស្ថាន។ល។ ដែលរៀបចំយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈច្នៃប្រឌិតខ្ពស់ ប្រកបដោយសោភ័ណភាព និងផាសុកភាពគួរឱ្យចង់រស់នៅ៕

អត្ថបទដែលជាប់ទាក់ទង