រូបថតប៉ុន្មានសន្លឹក​​បង្ហាញពីក្លោងទ្វារប្រាសាទ​ ​មុននិងក្រោយការជួសជុល ​ក្នុង​សម័យ​បារាំង​

(សៀមរាប)៖ រូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ ផ្តល់ជូនដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបង្ហាញពីទិដ្ឋភាពដ៏កម្រថតក្នុងកំឡុងសម័យអាណានិគមបារាំង។ ក្លោងទ្វារ និងសំណង់បុរាណបាក់បែកជាច្រើន ត្រូវបានជួសជុលឡើងវិញដោយបារាំង បន្ទាប់ពីរងការបាក់បែក និងបាត់បង់រូបរាងស្ទើរតែទាំងស្រុង។

សូមជម្រាបថា បង្កាន់ដៃនាគដែលលម្អដោយអសុរនិងទេវតា នៅក្លោងទ្វារដីឆ្នាំងខាងលើនេះ កំពុងទទួលបានការជួសជុលពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងបានដំណើរការដ្ឋានជួសជុលកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។

ឯកឧត្តម គឹម សុធិន អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា កន្លែងសំខាន់ដែលត្រូវជួសជុលមានរូបទេវតា៥អង្គ និងរូបយក្សកាន់ក្បាលនាគនៅផ្នែកខាងមុខដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។ ដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត ក្បាលនាគនេះធ្លាប់ដួលរួចម្តងហើយ ព្រោះវាខុសពីជំនាន់បារាំង។ គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល១ឆ្នាំ ចំណាយថវិការរបស់មូលនិធិអភិរក្សអង្គរ ជួសជុលដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ។

លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលបានឱ្យដឹងថា បង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅក្លោងទ្វារដីឆ្នាំងមានប្រវែង១១២ម៉ែត្រ រងការខូចខាតដោយសារកត្តាមនុស្ស ភាពជាប់មាំរបស់សម្ភារៈហួសកាលកំណត់ អាយុកាលនៃថ្ម អាកាសធាតុ និងរុក្ខជាតិជាដើម។ ម្យ៉ាងទៀត បើតាមរយៈរូបភាពថតមុនឆ្នាំ១៩៣៩ ចម្លាក់ទាំងនេះគឺដួលទាំងអស់ គ្មានរូបរាងជាជួរអ្វីឡើយ ហើយត្រូវបានបារាំងជួសជុលរួចរាល់នៅឆ្នាំ១៩៤៤។

បន្ថែមពីនោះ លោកប្រធានគម្រោងរូបនេះ ក៏បានឱ្យដឹងពីមូលហេតុសំខាន់ដែលត្រូវជួសជុលអសុរព្រោះ​ចម្លាក់នេះទ្រេត ហើយក្បាលនាគបានធ្លាក់អស់។ ចំណែកទេវតា៥អង្គ គឺប្រឈមខ្លាំងនឹងការ​រលំដួល រីឯស៊ីម៉ង់តិ៍ដែលជាបាយអររបេះចេញពីសំណង់ពុកផុយអស់សុពលភាព។ ដូច្នេះក្រុមការងារនឹងរៀបចំជួសជុលសារឡើងវិញ ព្រមទាំងរៀបប្រព័ន្ធបង្ហូរទឹក កុំឱ្យវាដក់ឬហូរច្រោះដីនិងស្វែងរកថ្មចាស់​មកបំពេញកន្លែងបាត់បង់ ឱ្យត្រឹមត្រូវតាមលំនាំដើម ដូចសម័យបារាំងបានជួសជុលរួចនាឆ្នាំ១៩៤៤៕

 

 

អត្ថបទដែលជាប់ទាក់ទង