សាកសពយុវជនម្នាក់ ត្រូវបានគេដុតឆេះខ្លោច រួមជាមួយម៉ូតូ នៅក្នុងចម្ការកៅស៊ូមួយកន្លែង ក្នុងស្រុកស្នួល ខេត្តក្រចេះ

(ក្រចេះ)៖ មន្ត្រីនគរបាលស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នា២០១៩នេះ បានប្រទះសាកសពយុវជនម្នាក់ ត្រូវបានគេដុតឆេះខ្លោច រួមជាមួយម៉ូតូ នៅក្នុងចម្ការកៅស៊ូមួយកន្លែង ក្បែរលំនៅដ្ឋានរបស់ខ្លួន។

លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងនៅមុននេះបន្តិចថា ករណីនេះអាចជារឿងគំនុំ កើតឡើងក្នុងរង្វង់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមិថុនានេះ ក្នុងចម្ការកៅស៊ូ ស្ថិតនៅក្បែរភូមិដូនប៉ុក ក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

លោកអធិការ បានបញ្ជាក់ថា យុវជនរូបនេះ ឈ្មោះ ខុម សិទ្ធ អាយុរង្វង់២០ឆ្នាំ រស់ក្នុងភូមិកើតហេតុខាងលើ បានបាត់ខ្លួនបន្ទាប់ពីប្រាប់ជីដូនថា ជិះម៉ូតូមករកអូសដុត ប៉ុន្តែត្រូវគេប្រទះឃើញសាកសពឆេះខ្លោច នៅក្នុងភ្នក់ភ្លើងតែម្តង។

ក្រោយពីឃើញសាកសពដុតឆេះខ្លោច មន្ត្រីនគរបាលក្នុងមូលដ្ឋាន បានមិន្តព្រះសង្ឃបំស្សុកូល នៅនឹងកន្លែងកើតហេតុតែម្តង។

សូមរំឭកថា នៅចន្លោះ ថ្ងៃទី៩ ឬថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ គ្រួសារកសិករក្រីក្រមួយមានគ្នា៤នាក់ រស់នៅឯតំបន់ដាច់ស្រយាល ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគេប្រទះឃើញសាកសពឆេះខ្លោចទាំងអស់គ្នា ក្នុងភ្នក់ភ្លើង ដែលសមត្ថកិច្ចសង្ស័យថា ជាអំពើឃាតកម្មសម្លាប់ រួចដុតផ្ទះចោលឲ្យឆេះសាកសពតែម្តង។

មន្ត្រីនគរបាលស្រុកចិត្របុរី បានឲ្យដឹងនៅពេលនោឍះថា ករណីនោះកើតឡើងនៅភូមិផ្អៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នាប៉ុន្តែមិនមាននរណាម្នាក់ដឹងឡើយ​​​ រហូតដល់ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចទទួលបានព័ត៌មាននេះពីអ្នកភូមិនៅក្បែរនោះ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា គ្រួសារក្រីក្រមួយនេះ រស់នៅក្នុងខ្ទមតូចមួយស្ថិតនៅដាច់ស្រយាលពីគេ ចំណែកប្រជាពលរដ្ឋបានដឹងដោយសារគ្រូបង្រៀននៅឯសាលាបាត់ក្មេងៗ២នាក់ ដែលជាកូនរបស់ជនរងគ្រោះមិនឃើញទៅសាលារៀន ទើបគ្រូបង្រៀន និងប្រជាការពារភូមិ នាំគ្នាទៅមេីលដល់ខ្ទមនោះ ក៏ឃើញភ្លើងត្រូវភ្លេីឆេះអស់ ហេីយសាកសពមនុស្ស៤នាក់ឪពុកម្តាយ និងកូនត្រូវឆេះខ្លោចក្នុងគំនរផេះផង់។

ជនរងគ្រោះក្នុងអំពើឃាតកម្មផ្តាច់ផ្តិលនេះ មានឈ្មោះ ឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី និងឈ្មោះ ជួន សុខនាង អាយុ៣៦ឆ្ នាំជាប្រពន្ធ ចំណែកកូន២នាក់ មានឈ្មោះ ឈាន ភឹមឈី ភេទប្រុស អាយុ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំ។

ក្រោយពីពិនិត្យសាកសពឆេះខ្លោចនេះរួចមក សមត្ថកិច្ចបានសម្រេចកប់សពអ្នកទាំង៤នាក់ ឪពុកម្តាយ និងកូនៗ​​​ នៅជាប់ៗគ្នាក្បែរខ្ទម ដែលឆេះនេះតែម្តង។ ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់រកមុខជនដៃដល់នៅឡើយទេ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង