ខេត្តមួយចំនួនរបស់កម្ពុជា​ស្ថិត​នៅ​តំបន់​ត្រីកោណ​ CLV​ នឹងក្លាយ​ជាប៉ូល​សេដ្ឋកិច្ចថ្មី​មួយ​ទៀត​

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ បានបញ្ចប់ទៅថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងនោះ ប្រមុខដឹកនាំកម្ពុជា និងប្រមុខដឹកនាំប្រទេសជាមិត្តពីរទៀត គឺឡាវ និងវៀតណាម បាន​ឆ្លៀតឱកាសជួបពិភាក្សាគ្នា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ​ និងមតិមួយចំនួនទាក់ទិនទៅនឹងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសទាក់ទិនទៅនិងការអភិវឌ្ឍក្នុងតំបន់ត្រីកោណនៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។

មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើចំពោះលទ្ធ​ផល​ជាវិជ្ជមាន ដែលក្រុមការងារនៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ដែល​​ពីមួយឆ្នាំទៅមួយឆ្នាំបានចូលរួមចំណែកដល់ការគៀងគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់​ត្រីកោណ​ឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់ ពិសេសបានប្រែក្លាយពីតំបន់មួយដែលមានការខ្វះខាត​ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពក្រីក្រ ឲ្យក្លាយទៅជាតំបន់មួយដែលមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ពិសេសការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។

ជាមួយគ្នានេះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់​ត្រីកោណអភិវឌ្ឍន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយ​ថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ដែរថា តំបន់ត្រីកោណរបស់កម្ពុជារាប់បញ្ជូលនូវខេត្តមួយចំនួនដូចជា ខេត្តរតនគិរីមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះជាដើម ដែលត្រៀមនឹងក្លាយជាតំបន់សេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសទាំងបី (កម្ពុជា​ ឡាវ និងវៀតណាម) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង