គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ ​និងលេខ២២ ​ចំណាយ​ថវិកាជាង៥៦​លានដុល្លារ ​នឹងបើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ​

(ភ្នំពេញ)៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោង ក្រោមឥណទាន​សម្ប​ទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការ​ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់ សរុប ៥៦,១០០.០០០ដុល្លារ ក្នុងនោះថវិកាគ្រោង សម្រាប់ការសាងសង់ (Civil Works) មានចំនួន ៤៣.៦០១.០០០ដុល្លារ និងថវិកាបម្រុង​(Cortin​gencies) មានចំនួន ៨.០៩១.០០០ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន។

សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅក្នុងពិធីចុះហត្ថលេខាផ្លូវជាតិលេខ២ និង២២ នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ គម្រោងនេះឆ្លងកាត់រាជធានី-ខេត្ត ចំនួន៣រួមមាន ៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ២ ចាប់​ផ្តើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិតក្នុងក្រុង​ដូនកែវខេត្តតាកែវ) និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតា​សោម។

គម្រោងបានបែងចែកជា ៣កំណាត់ផ្លូវធំៗ មានដូចជា៖ កំណាត់ទី១, ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ដែលមានប្រវែង ៨,៧៤ គ.ម។កំណាត់ទី២, ចាប់ផ្តើមចេញពី រង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣,៨១៩ គ.ម ស្ថិតក្នុងតំបន់ជនបទ។ និងកំណាត់ទី៣ ,ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩,៦១១ គ.ម ស្ថិតក្នុងតំបន់ជនបទ។

គម្រោងខាងលើនេះ នឹងធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC សាងសង់ស្ពានថ្មីចំនួន ១១​កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ ការស្ថាបនាគ្រោងនឹងរយៈពេលសាងសង់ ៣០ខែ (ប្រហែល២ឆ្នាំកន្លះ) ដែលអាចនឹងចាប់ផ្តើមដំណើរការដ្ឋានយ៉ាងយូរនៅចុងឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង