សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីតាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្ត

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព និងក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល, សមាជិក-សមាជិកា គណៈកម្មាធិការកណ្តាល, រួមទាំងវត្តមានចូលរួមរបស់សមាជិក-សមាជិកា ស.ស.យ.ក. សរុបចំនួន៣៥០នាក់ ដើម្បីស្តាប់របាយការណ៍ការងារក្រោយពេលមហាសន្និបាតលើទី៤ រហូតមកដល់បច្ចុប្បន្ន តាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្តស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងផែនការយុទ្ធសាស្ត្រ «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា «សហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យយុវជនចូលរួមក្នុងកិច្ចការងារសង្គមក្រោមស្មារតី២ធ្នូ និងបានលើកទឹកចិត្តយុវជនឲ្យរក្សាជំហរគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តុះស្មារតីសាមគ្គីភាព ពង្រឹងការរួបរួមគ្នា និងការពួតដៃគ្នាក្នុងនាមយុវជនខ្មែរ ដែលជាធនធានពោរពេញដោយចំណេះដឹង និងសមត្ថភាព ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីប្រជាជន និងអនាគតកម្ពុជា»៕

 

អត្ថបទដែលជាប់ទាក់ទង