នគរបាល​ក្រុង​ប៉ោយប៉ែត បំបែក​ទីតាំង​ជួញដូរគ្រឿងញៀន និងប្រេីប្រាស់គ្រឿងញៀន នៅ​​កាសុីណូ ឡាក់គី

(បន្ទាយមានជ័យ)៖ ​កាស៊ីណូ ឡាក់គី ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ និង​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កាស៊ីណូនៅជាប់ព្រំដែនថៃនេះ ត្រូវបានប៉ូលិស​សង្ស័យថា ជាកន្លែង​ជួញដូគ្រឿងញៀន និងប្រេីប្រាស់គ្រឿងញៀន ព្រមទាំងមានល្បែងសុីសងខុសច្បាប់ ដោយជ្រកក្រោមស្លាក កាសុីណូ។ ក៏ប៉ុន្តែ​កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីរសៀល​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី បានចុះបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យ ២៣នាក់។

ការបង្រ្កាបខាងលេី ដឹកនាំ​ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ ដោយបានឃាត់ខ្លួន ជនជួញដូរគ្រឿងញៀន ចំនួន ១នាក់ ឈ្មោះ សុខ សៀងធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។

ក្រៅពីនោះ កម្លាំងចម្រុះ ក៏បានចាប់យកវត្ថុតាង រួមមាន ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន ៥៤គ្រាប់ ម្សៅក្រមពណ៌សចំនួន ០៥ថង់ ម្សៅម៉ត់ចំនួន ០១ថងតូច ទូបាញ់ត្រី ០៨គ្រឿង ស្លុតហ្គេម ១៤គ្រឿង​ ថ្នាំគ្រវី ០១គ្រាប់ ត្រួតពិនិត្យទឹកនោម នៅនឹងកន្លែង ២២នាក់ ( ស្រី ២នាក់ ) ដោយលទ្ធផល​បញ្ជាក់ថា ជនទាំងនោះ មានសារធាតុញៀន។

ពលរដ្ឋអបអរសាទរការបង្រ្កាបក្រុមអ្នកញៀនថ្នាំ នៅ​កាសុីណូ ឡាក់គី ព្រោះទីតាំងមួយនេះ គឺជាបណ្តុំនៃក្រុមអ្នកញៀនថ្នាំ តែងតែចេញចូល ទៅជក់ជាប្រចាំ មិនថា ពេលយប់ រឺ ពេលថ្ងៃ។

ប្រជាពលរដ្ឋ​លើកឡើងថា ក្រុមអ្នកចែកចាយថ្នាំ នៅចំណុចខាងលើនេះ ហាក់បីដូចជា មិនខ្លាចសមត្ថកិច្ចទាល់តែសោះ ទោះបីបង្រ្កាបប៉ុន្មានដង ក៏ដោយ នៅចំណុចកាសុីណូឡាក់គី មួយនេះ នៅតែបន្តសកម្មភាពចែកចាយ និងចេញចូលសេពដដែល។

ពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ច នឹងយកម្ចាស់ទីតាំង ឬអ្នកនៅពីក្រោយ ដែលនាំអោយមានល្បែង​សុីសងបាញ់ត្រី និងជួញដូរចែកចាយគ្រឿងញៀនខាងលេី មកផ្តន្ទាទោសតាមច្បាប់៕​ ចេស្តា

អត្ថបទដែលជាប់ទាក់ទង