កម្ពុជាបន្តសហការល្អជាមួយក្រុមហ៊ុន​សិង្ហបុរី​លើគម្រោងថ្មីៗ​ ក្នុងវិស័យវារីវប្បកម្ម​ និងគ្រប់គ្រងចរាចរណ៍​

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានទទួលស្គាល់ក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ជាដៃគូសហការល្អ ដោយបានបោះទុនវិនិយោគ និងចូលរួមយ៉ាងសកម្មក្នុងវិស័យថាមពលអគ្គិសនី និងសុខាភិបាលនៅកម្ពុជា តាមរយៈការផ្គត់ផ្គង់នូវសម្ភារទំនើប និងបច្ចេកវិទ្យាខ្ពស់។

ក្នុងជំនួបជាមួយលោក Armin Bruck នាយក ប្រតិបត្តិក្រុមហ៊ុន Siemens Limited សាខាប្រចាំប្រទេស​សិង្ហបុរី នាពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​គូស​បញ្ជាក់ថា កម្ពុជាមានបំណងស្វែងយល់បន្ថែមទៀត អំពីបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពនៃម៉ាស៊ីនថ្មីៗ ដែលក្រុមហ៊ុនមានលទ្ធភាពផ្គត់ផ្គង់ និងអាចចូលរួមជា ចំណែក គាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបានអះអាងថា កម្ពុជានឹងបន្តកិច្ច​សហការល្អជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធនៃ​រាជរដ្ឋាភិបាលអំពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដូចជា ការ​ប្រើប្រាស់ប្រព័ន្ធឌីជីថល នៅ​ក្នុង​វិស័យវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងចរាចរណ៍ជាដើម។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា រាជរដ្ឋាភិបាលស្វាគមន៍ចំពោះការវិនិយោគបន្ថែម និង​ផ្តល់​ប្រព្រឹត្តកម្មស្មើភាពគ្នាចំពោះគ្រប់ក្រុមហ៊ុនវិនិយោគទុនបរទេសទាំងអស់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង