សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្វាយព្រះពរ​សម្តេចព្រះ​មហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់​៨៣ យាង​ចូល​៨៤ ព្រះវស្សា​

(​ភ្នំពេញ​)៖ ក្នុងឱកាស​ដ៏​នក្ខត្តឫក្ស​ថ្លៃថ្លា​មហាប្រសើរ នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​របស់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ទូលព្រះបង្គំ​កូនចៅ ក្រុមគ្រួសារ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា សូម​ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយ ថ្វាយ​ព្រះ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ បវរ​មហាប្រសើរ ប្រកបដោយ​ក្តី​កតញ្ញុតាធម៌ ចំពោះ​សម្តេច​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​ទូលបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​ទេវតា និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​បីបាច់​ថែរក្សា​ទ្រង់​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។​

​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ដូចតទៅ​៖
​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ទ្រង់​ព្រះ​ប្រសូត នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦​។ ក្រោយពេល​ព្រះ​ប្រសូត្រ ព្រះអង្គ​ទ្រង់មាន​ព្រះនាម​ដើម​ថា «​ប៉ូ​មូ​និ​ច អ៊ី​ស៊ី​» ជា​បុត្រី​របស់លោក ហ្ស​ង់​ហ្វ្រ​ង់ ស្វ័​រ​អ៊ី​ស៊ី ជនជាតិ​បារាំង មាន​ដើមកំណើត នៅ​ប្រទេស​អ៊ីតាលី និង​ព្រះ​មាតា មាន​ព្រះនាម ប៉ុ​ម​ពាង ជា​ជនជាតិខ្មែរ និង​មាន​ព្រះអនុជ​មួយ​ព្រះអង្គ មាន​ព្រះនាម អាន​ម៉ា​រី​ស អ៊ី​ស៊ី​។ ចំណែក​ព្រះបិតា បានទទួល​មរណភាព ក្នុង​កំឡុង​សង្គ្រាមលោក លើក​ទី​២​។​

​ក្នុង​ខែមេសា ឆ្នាំ​១៩៥២ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​អតីត​ព្រះមហាវីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ព្រះ​បរម​រតន​កោដ្ឋ​)​។​

​ក្រោយ​អភិសេក ព្រះអង្គ​ទ្រង់ មាន​ព្រះរាជ​បុត្រា ២​ព្រះអង្គ គឺ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជបុត្រ​ច្បង និង​ព្រះអង្គម្ចាស់ នរោត្តម ន​រិ​ន្ទ្រ​ពង្ស ជា​ព្រះរាជបុត្រ​ពៅ​។ ប៉ុន្តែ​ព្រះអនុជ នរោត្តម ន​រិ​ន្ទ្រ​ពង្ស ទ្រង់​បាន​សោយ​ទិវង្គត កាលពី​ឆ្នាំ​២០០៣ ដោយ​ជំងឺ​បេះដូង​។​

​ឯកសារ​បង្ហាញថា កាលពី​វ័យ​កុមារ សម្តេចព្រះ​មហាក្សត្រី ទ្រង់​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម ហើយ​ទ្រង់ បាន​បន្ត​ការសិក្សា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ តែ​ក្រោយមក ព្រះអង្គ​ទ្រង់ ត្រូវបាន​ផ្ទេរ​ទៅ​សិក្សា នៅ​វិទ្យាល័យ រ៉ូ​ណេ​ឌី​កាត វិញ​ម្ដង ដែល​ស្ថិតនៅ​ជិត​វត្តភ្នំ​។​

​ចំពោះ​ព្រះរាជកិច្ច​ក្នុងសង្គម​វិញ​នោះ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ព្រះអង្គ​ធ្លាប់ មាន​ព្រះរាជតួនាទី ជា​ព្រះប្រធាន​កាកបាទក្រហមកម្ពុជា ចាប់​ទសវត្ស​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០​។​

​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នាពេល​បច្ចុប្បន្ន មាន​ព្រះរាជតួនាទី ជា​ព្រះប្រធាន​កិត្តិយស នៃ​កាកបាទក្រហមកម្ពុជា​។ ជាមួយគ្នានេះ សម្តេចព្រះ​មហាក្សត្រី ទ្រង់​តែងតែ​យាង​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ និង​អំណោយ​កាកបាទក្រហម របស់​សប្បុរសជន ចែកជូន​ដល់​ប្រជានុរាស្ត្រ​ដែល​មកពី​តាម បណ្តា​ខេត្ត​នានា ដែល​បាន​ជួបជុំ​ទទួល នៅក្នុង​ព្រះបរមរាជវាំង និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត និង​មានការ​អម​ព្រះរាជកិច្ច ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ច​៕​

អត្ថបទដែលជាប់ទាក់ទង