WOMEN’S WORLD CUP 19: អង់គ្លេស និងអ៊ីតាលីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ

(បារាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយហើយ ក្រោយឈ្នះអាហ្សង់ទីន ១ទល់នឹង០ ការប្រកួតកីឡាបាល់ទាត់ពិភពលោកនារី ២០១៩យប់មិញ។

មួយគ្រាប់ជ័យជំនះរបស់អង់គ្លេសកើតឡើងដោយកីឡាការិនី Jodie Taylorនៅនាទីទី៦១។ ក្នុងពូលD នេះដែរជប៉ុនក៏មិនទាន់អស់ឱកាសដែរ ក្រោយយប់មិញឈ្នះស្កុតលែន ២ទល់នឹង១ ដោយគ្រាប់បាល់របស់កីឡាការិនី Mana Iwabuchi និងកីឡាការិនីYuika Sugasawa។

ក្រោយលេងបានពីរប្រកួត អង់គ្លេសលេខ១មាន៦ពិន្ទុពេញ ជប៉ុនលេខ២មាន៤ពិន្ទុ ឯអាហ្សង់ទីននៅ មានសង្ឃឹមដែរ ពឹងលើការប្រកួតចុងក្រោយហើយ រំពឹងជប៉ុនចាញ់អង់គ្លេស។

ចំនែកពូលC អ៊ីតាលីក៏បានកក់កៅអីជុំ១៦ក្រុមចុងក្រោយដែរ ក្រោយឈ្នះហ្សាម៉ាអ៊ីក ៥ទល់នឹង០ ដែលកើតឡើងដោយកីឡាការិនីពីររូបCristiana Girelli បីគ្រាប់តែឯង និងពីរគ្រាប់ទៀតដោយកីឡាការិនី Aurora​ Galli។

ក្នុងពូលនេះ ក្រោយឈ្នះពីរប្រកួតអ៊ីតាលីមាន៦ពិន្ទុ  ប្រេស៊ីល និងអូស្ត្រាលី មាន៣ពិន្ទុដូចគ្នា ខណៈដែលហ្សាម៉ាអ៊ីកធ្លាក់ហើយ។ ប្រកួតចុងក្រោយអ៊ីតាលីប៉ះប្រេស៊ីល និងអូស្ត្រាលីជួបហ្សាម៉ាអ៊ីក។

ដោយឡែក បារាំង និងអាល្លឺម៉ង់ក៏បានឡើងដែរ ទោះបីជាសល់មួយប្រកួតក្នុងដៃក៏ដោយ។ វគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីនឹងបញ្ចប់នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩៕

 

អត្ថបទដែលជាប់ទាក់ទង