វិភាគៈ នាវាដឹកប្រេងពីរគ្រឿងរងការវាយប្រហារ ចំពេលទស្សនកិច្ចលោក អាបេ នៅអ៊ីរ់ង់

នាវាដឹកប្រេងចំនួនពីរគ្រឿង បានទទួលរងនូវការវាយប្រហារបែបវិច្ឆេទកម្ម កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ នៅដែនសមុទ្រប្រទេសអូម៉ង់ ដែលជាការវាយប្រហារចំពេលនៃដំណើរទស្សនកិច្ចរបស់លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសអ៊ីរ៉ង់ ។

នាវាដឹកប្រេងទាំងពីរគ្រឿង ដែលបានទទួលរងនូវការវាយប្រហារបែបវិច្ឆេទកម្មនោះ គឺមួយគ្រឿងជារបស់ក្រុមហ៊ុនជប៉ុន និងមួយគ្រឿងទៀតជារបស់ក្រុមហ៊ុនន័រវ៉េ ហើយនាវាដឹកប្រេងទាំងពីរគ្រឿងនេះ ត្រូវបានវាយប្រហារក្នុងរយៈពេលមួយម៉ោងមុនក្រោយគ្នា ។

នាវាដឹកប្រេងន័រវ៉េ ដែលដឹកប្រេងប្រមាណជាងមួយសែនតោន ចេញពីប្រទេសកាតាឆ្ពោះទៅកាន់កោះតៃវ៉ាន់ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅដែនសមុទ្រចន្លោះប្រទេសអូម៉ង់ និងអ៊ីរ៉ង់ ដោយការវាយប្រហារវិច្ឆេទកម្ម ។
រយៈពេលប្រហែលមួយម៉ោងក្រោយមក នាវាមួយគ្រឿងទៀតរបស់ក្រុមហ៊ុនជប៉ុន ដែលដឹកប្រេងចេញពីប្រទេសអារ៉ាប៊ី សាអូឌីត ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី បានទទួលរងនូវការវាយប្រហារវិច្ឆេទកម្មប្រហាក់ប្រហែលគ្នានេះ ។

រហូតមកដល់ថ្ងៃសុក្រនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយបំផ្ទុះនាវាដឹកប្រេងទាំងពីរគ្រឿងនោះទេ ដោយអាមេរិកបានចង្អុលមុខ និងទម្លាក់កំហុសលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏ទម្លាក់កំហុសលើអាមេរិកដែរ ។

គេសង្កេតឃើញថា ចាប់តាំងពីមានភាពតានតឹងនិងការប្រឈមមុខដាក់គ្នាខាងយោធា រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ការវាយប្រហារបែបវិច្ឆេទកម្មបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីខែឧសភាកន្លងទៅ ។

ការវាយប្រហារវិច្ឆេទកម្ម បានកើតឡើងមុនគេកាលពីពាក់កណ្តាលខែឧសភា ដោយនាវាដឹកប្រេងចំនួន៤គ្រឿងត្រូវបានវាយប្រហារនៅអារ៉ាប់រូម ក្រោយមកទៀត គ្រាប់រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ទៅធ្លាក់នៅក្បែរស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ ប៉ុន្តែមិនផ្ទុះ ។

ជាការកត់សម្គាល់ ក្រោយពីមានអំពើវិច្ឆេទកម្មនេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងដល់៤% ក្នុងតម្លៃ៦១.៧៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលជាតម្លៃកាន់តែខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជិតមួយឆមាសនៃឆ្នាំ២០១៩នេះ ។

ជាការកត់សម្គាល់មួយទៀត ការវាយប្រហារបែបវិច្ឆេទកម្មដោយបំផ្ទុះនាវាដឹកប្រេងទាំងពីរគ្រឿងនេះ ត្រូវបានធ្វើឡើងនៅចំពេលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅអ៊ីរ៉ង់ ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយ ។

ម្យ៉ាងទៀត ការវាយប្រហារបែបវិច្ឆេទកម្មនេះ ក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងពេលប្រហាក់ប្រហែលគ្នានឹងកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុឡា អាលី ខាមីណេ នៅទីក្រុង តេអ៊ីរ៉ង់ ។

សូមបញ្ជាក់ជូនថា គោលដៅសំខាន់របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ គឺការទប់ស្កាត់កុំអោយមានភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។

កិច្ចខិតខំប្រឹងប្រែងរបស់លោក អាបេ ក្នុងយុទ្ធសាស្ត្រទប់ស្កាត់ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា គឺដោយសារជប៉ុនបាននាំចូលប្រេងឥន្ធនៈជិត៨០%ពីប្រទេស៥នៅក្នុងតំបន់នេះ គឺអារ៉ាប់រួម អារ៉ាប៊ី សាអូឌីត កាតា គុយវ៉ែត និងប្រទេសអ៊ីរ៉ង់ ។

និយាយជារួម ប្រសិនបើភ្លើងសង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិកនឹងឆាបឆេះឡើងនៅពេលខាងមុខ ជប៉ុនពិតជានឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរលើការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុកហើយ ដោយសារសង្គ្រាមកើតឡើងនៅតំបន់មជ្ឈិមបូព៌ា ជាតំបន់ដែលផ្គត់ផ្គង់ប្រេងច្រើនជាងគេអោយប្រទេសជប៉ុន ៕លីលី

អត្ថបទដែលជាប់ទាក់ទង