ឯកឧត្ដម តូច ប៉ូលីវ៉ា សំណូមពរ៤ចំណុចសំខាន់ៗដល់អង្គភាពពាក់ព័ន្ធថែទាំវេជ្ជសាស្រ្ត និងមូលដ្ឋានសុខាភិបាល ស្វែងយល់ពី ប.ស.ស

(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី «ផ្សព្វផ្សាយអំពីយន្តការនៃការទូទាត់ចំណាយព្យាបាល និងថែទាំវេជ្ជសាស្រ្តរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស» នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មន្ត្រីរាជការ អតីតយុទ្ធជន ដែលមានប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស)។ ពិសេសចូលរួមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពកម្មករ កម្មការិនី ដោយលើកយកចំណុចសំខាន់នៃដំណើការទូទាត់សំណង ផ្នែកថែទាំសុខភាពរបស់ ប.ស.ស នីតិវិធីនៃការទូទាត់សំណងជូនមូលដ្ឋានសុខាភិបាលសាធារណៈ និងយន្តការនៃការទូទាត់ និងឯកសារយោងក្នុងការស្នើសុំការទូទាត់សំណងជាដើម។

ឯកឧត្ដមអភិបាលរងខេត្តស្វាយរៀងបានសំណូមពរដល់អង្គភាពពាក់ព័ន្ធ នូវចំណុចសំខាន់ៗ៤ ដូចខាងក្រោម៖

១- ការអនុវត្តច្បាប់ ស្តីពី របបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ ស្តីពី ការងារ ហើយ ប.ស.ស ខិតខំធ្វើឲ្យរបបធានារ៉ាប់រង ហានិភ័យការងារ និងរបបធានារ៉ាប់រងថែទាំសុខភាព ឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីធានាការផ្តល់សេវាឱ្យមានប្រសិទ្ធិភាព តាមរយៈការផ្តល់ឱកាសឱ្យវិនិយោជកចូលរួមកិច្ចប្រជុំយ៉ាងតិច១ដង ក្នុង១ឆ្នាំ សម្រាប់ជាមូលដ្ឋានផ្សព្វផ្សាយដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតឱ្យយល់ពីសិទ្ធិរបស់ខ្លួន។

២- និយោជក នាយក ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់សូមចូលរួមអនុវត្តច្បាប់ ស្តីពី របបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទានឲ្យបានទាន់ពេលវេលា សម្រាប់របបធានារ៉ាប់រង ហានិភ័យការងារ និងរបបធានារ៉ាប់រងសុខភាព ដើម្បីកុំឲ្យបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករនិយោជិត។

៣- គ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ជំរុញពង្រឹង និងអនុវត្តតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋ ឱ្យមានគុណភាព ប្រសិទ្ធិភាព និងទាន់ពេលវេលា។

៤- សូមឲ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចំរើន និងភាពសុខដុមរមនា។

សូមបញ្ចាក់ថា សិក្ខាសាលាស្ដីអំពី «ផ្សព្វផ្សាយអំពីយន្តការនៃការទូទាត់ចំណាយព្យាបាល និងថែទាំវេជ្ជសាស្រ្តរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស» នេះ ក៏មានការចូលរួមពីលោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានការិយាល័យថែទាំសុខភាពនៃបសស លោកប្រធានការិយាល័យប.ស.សសាខាខេត្តស្វាយរៀង លោក លោកស្រី ជាមន្ត្រីនៃអង្គភាពបសស លោក លោកស្រី ជាតំណាងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ចំណុះរដ្ឋបាលខេត្ត វិស័យសុខាភិបាលឯកជន និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង សរុបអ្នកចូលរួមប្រមាណជាង១៤០នាក់៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង