ដឹងទេថា ​ក្នុងមួយឆ្នាំ​ប្រជាជនកម្ពុជាម្នាក់​​ បរិភោគត្រី​អស់ប៉ុន្មាន​គីឡូក្រាម​​?​​

(ភ្នំពេញ)៖ វិស័យជលផលចូលរួមចំណែកផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រមាណជាង ១៥​លាន​នាក់។ ត្រីគឺជាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ដោយសាច់ត្រីផ្តល់នូវប្រតេអឹន​លើស​ពី ៨០ភាគរយ នៃប្រតេអ៊ីនពីសាច់សត្វសរុប ដែលប្រជាជនកម្ពុជាបរិភោគ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើវិស័យធនធានជលផលនៅតំបន់ឆ្នេរនៅកម្ពុជា នៅថ្ងៃទី​១៤ ខែមិថុនានេះ ឯកឧត្តមបានបន្តថា កម្ពុជាជាប្រទេសដែលសម្បូរត្រីជាច្រើនប្រភេទ មានគុណភាព​ខ្ពស់ ដែលជាទូទៅប្រជាជនកម្ពុជាបរិភោគត្រីលើសពី ៥០គីឡូក្រាមក្នុងម្នាក់ក្នុងមួយឆ្នាំ។

ឯកឧត្តមបានបន្ថែមថា វិស័យជលផលចូលរួមចំណែកប្រមាណពី ៨%ទៅ១២% នៃ GDPសរុប ដូច្នេះការគ្រប់គ្រង និងអភិរក្សធនធានវារិជាតិពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានានូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់មនុស្សជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង