គម្រោងការជួសជុលឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៣ ពីក្រុងកំពតទៅទីរួមស្រុកវាលរេញ គ្មានគុណភាព តើជាកំហុសក្រុមហ៊ុន ឬមកពីមន្ត្រីជំនាញ?

(កំពត)៖ គម្រោងជួសជុល និងស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៣ ដែលតភ្ជាប់ពីក្រុងកំពត ដល់ទីរួមស្រុកវាលរេញ នៃខេត្តព្រះសីហនុ ដែលស្ថិតក្រោមការម៉ៅការពីសំណាក់ក្រុមហ៊ុនឯកជន សហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ប៉ុន្តែការការស្ថាបនាផ្លូវនេះ ត្រូវបានមហាជនចាត់ទុកថា គឺគ្មានគុណភាព ខុសលក្ខណៈបច្ចេកទេស និងបទដ្ឋានស្តង់ដា ធ្វើទៅមុខពុកខាងក្រោយ។

ពាក់ព័ន្ធគម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៣ ក្រោមទឹកប្រាក់កម្ចីរបស់ធនាគាពិភពលោក ដើម្បីតភ្ជាប់ផ្លូវពីក្រុងកំពតឆ្ពោះទៅទីរួមស្រុកវាលរេញ ខេត្តព្រះសីហនុ​​​ ត្រូវបានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  កាលពីថ្ងៃទី១៣​​​ ខែមិថុនា ឆ្នាំ២០១៩ ចាត់ទុកថា គ្មានគុណភាព និងមិនអាចទទួលយកបាន។

ចំណែកប្រភពច្បាស់ការណ៍ បានលើកឡើងថា ការជួសជុលផ្លូវគ្មានគុណភាព ខុសលក្ខណៈបច្ចេកទេស គឺធ្វើទៅមុខ ពុកខូចខាងក្រោយបែបនេះ វាអាចបណ្តាលមកពីក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវកឹបកេងពេក ដើម្បីចំណេញច្រើន ឬមកពីមន្ត្រីជំនាញផ្នែកផ្លូវថ្នល់ ជាអ្នកឃុបឃិតជាមួយក្រុមហ៊ុន ដើម្បីទទួលបានកញ្ចប់ផលលាភណាមួយពីអ្នកម៉ៅការ?

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងពេលលោកដឹកនាំក្រុមការងារជំនាញត្រួតពិនិត្យការជួសជុលផ្លូវជាតិលេខ៣ពីក្រុងកំពតទៅវាលរញនោះថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា «យើងឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើរឹងមាំ»។

សូមរំឭកថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ផ្តើមពីទីរួមខេត្តកំពតទៅកាន់ទីរួមស្រុកវាលរេញ ដើម្បីភ្ជាប់នឹងផ្លូវជាតិលេខ៤ មានប្រវែងសរុប៥៤,៣០គីឡូម៉ែត្រ ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញជា ប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយចាប់ពី ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់ រយៈពេល៥៤ខែ ដោយអនុវត្តគម្រោងរយៈពេល១៨ខែ និងថែទាំប្រចាំរយៈពេល៣៦ខែ ចំណាយថវិកាប្រមាណ១២,០៦១លានដុល្លារ ក្រោមគម្រោងឥណទានរបស់ធនាគារពិភព។

បច្ចុប្បន្ន គម្រោងផ្លូវនេះ ត្រូវបានអនុវត្តការជួសជុល និងសាងសង់បានជាង៦៧ភាគរយ ដោយគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្រោយពីការអនុវត្តគម្រោងសម្រេចបានលទ្ធផលជាង៦៧ភាគរយ ស្រាប់តែមន្ត្រីនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកឃើញថា កំណាត់ផ្លូវលេខ៣ ពីកំពតទៅវាលរេញនេះ គឺសាងសង់មិនស្របតាមលក្ខណៈ បច្ចេកទេស និងស្តង់ដា ទើបមានស្នាម បែក ប្រេះ និងសម្បុកមាន់ជាច្រើន គឺមានន័យថា ផ្លូវនេះចាប់ផ្តើមខូច។

ក្រោយពិនិត្យឃើញបែបនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រតិកម្មចំពោះការជួសជុលផ្លូវគ្មានគុណភាពនេះ ហើយប្រកាសថា ក្រសួងមិនអាចទទួលយកបាន រួចដាក់កំហិតឲ្យក្រុមហ៊ុន ត្រូវពិនិត្យ និងកែតម្រូវឡើងវិញឲ្យត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសទើបក្រសួងទទួលយក។

លោកទេសរដ្ឋមន្ត្រីក្រសួងផ្លូវ ថ្នល់បានបញ្ជាក់ថា «ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាប្រកាន់នូវគោលជំហរ យើងឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ»។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd., ហៅកាត់ថា (SRBC) ដើម្បីលើកកម្រិត និងថែទាំផ្លូវជាតិលេខ៣ និងលេខ៧ ក្នុងទំហំទឹកប្រាក់ ប្រមាណ១៦,៩លានដុល្លារ ក្រោមគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់២ ដែលគេហៅថា «Road Asset Management Project II (RAMP II)» ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក (Word Bank) RAMP II មានទឹកប្រាក់សរុប៦០លានដុល្លារ។

ការលើកកម្រិតនេះ រួមមានការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូប្រភេទ DBST ទៅជាកម្រាលកៅស៊ូប៉េតុង (AC) រួមទាំងការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ និងជៀសវាងការជន់លិចក្នុងរដូវវស្សា។ រីឯក្រុមហ៊ុនចិន ឈ្មោះ Sichuan Road and Bridge (Group) Corporation Ltd., នឹងទទួលខុសត្រូវលើកញ្ចប់១ និងទី៣ សម្រាប់ផ្លូវសរុប១១១,៣គីឡូម៉ែត្រ ដែលមានតម្លៃ១៦,៩លានដុល្លារ។

ចំពោះកញ្ចប់ដែលនៅសេសសល់ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន Guangdong Provincial Changda Highway Engineering Co. Ltd., ដែលបានចុះហត្ថលេខាលើកិច្ចសន្យាកាលពីនៅខែធ្នូ ឆ្នាំ២០១៧។

គម្រោងទាំងមូលរំពឹងថា នឹងត្រូវបានបញ្ចប់យ៉ាងពេញលេញនៅខែកញ្ញា ឆ្នាំ២០២២ ដោយប្រើរយៈពេលសរុបចំនួន៥៤ខែ ហើយក្នុងនោះមានរយៈពេល១៨ខែ សម្រាប់ការលើកកម្រិត និងរយៈពេល៣៦ខែសម្រាប់ការងារថែទាំ៕ (SN-រដ្ឋា)

 

អត្ថបទដែលជាប់ទាក់ទង