ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី

(សិង្ហបុរី)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បន្តដឹកនាំប្រតិភូជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗនៃសាធារណរដ្ឋសិង្ហបុរី។

ជាក់ស្ដែងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម បណ្ឌិត អុឹង អេងហេន (Ng Eng Hen) រដ្ឋមន្រ្តី ក្រសួងការពារជាតិនៃសាធារណរដ្ឋសឹង្ហបុរី បានរៀបចំទទួលអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងជំនួបនេះ ឯកឧត្តម បណ្ឌិត អុឹង អេងហេន រដ្ឋមន្រ្តី ក្រសួងការពារជាតិ នៃសាធារណរដ្ឋសឹង្ហបុរី បានបញ្ជាក់ជាថ្មីម្តងទៀតពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរក្នុងវិស័យការពារជាតិ។

ឯកឧត្តម ក៏បានអរគុណប្រទេសកម្ពុជា ដែលតែងតែគាំទ្រប្រទេសសិង្ហបុរីក្នុងការរៀបចំកម្មវិធីអន្តរជាតិនានា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជំហរថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាដើម្បីរក្សាសន្តិភាព និងសិ្ថរភាពក្នុងតំបន់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងណាថា សន្តិភាព និងស្ថិរភាព ជាកត្តាជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្តែង ដោយសារមានសន្តិភាព និងស្ថិរភាពរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូច្នេះក្នុងតំបន់អាស៊ាន សន្តិភាព និងស្ថិរភាព ជាកត្តាជម្រុញតំបន់នេះឱ្យបន្តការអភិវឌ្ឍ និងរីកចំរើន។

ឧត្តមសេនីយ៍ឯក មានជំនឿថាដំណើរទស្សនកិច្ចនេះ ជាការបន្តរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ កងទ័ព និងប្រជាជនទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា នៅក្នុងទំព័រ Facebook ផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសសិង្ហបុរីលើកនេះ លោកក៏មានឱកាសជួបជាមួយឯកឧត្តមបណ្ឌិត អឹង អេងហិន រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី ជាលើកទីពីរ ដោយបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទមួយចំនួនទាក់ទងប្រទេសយើងទាំងពីរ ក៏ដូចជាសភាពការណ៍ក្នុងតំបន់។

លោកលោកឧត្តមសេនីយ៍ឯកបានអរគុណឯកឧត្តមបណ្ឌិត និងថ្នាក់ដឹកនាំសំខាន់ៗរបស់សឹង្ហបុរីចំពោះការស្វាគមន៏យ៉ាងកក់ក្តៅ ព្រមទាំងការចែករំលែកនូវទស្សនៈ និងបទពិសោធន៍លើកិច្ចការងារសំខាន់ៗមួយចំនួន។

ឆ្លងតាមកិច្ចសន្ទនាទាំងនេះ បានបញ្ជាក់ឲ្យឃើញអំពីភាពស្របគ្នានៃឆន្ទៈនិងគោលគំនិត របស់ប្រទេសកម្ពុជា និងសិង្ហបុរី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទាំងរវាងប្រទេសយើងទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង